រាជធានីភ្នំពេញ៖ នារីខ្មែរជិត១០០នាក់ បានធ្លាក់ទៅក្នុងការចាញ់បោកគេ ក្រោមល្បិចរៀបការជាមួយនឹងប្ដីបរទេស ហើយត្រូវបានអាជ្ញាធរចិន សង្គ្រោះចេញពីការជួញដូរមនុស្ស ហើយបានបញ្ជូនត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីពេលថ្មីនេះ បានឲ្យដឹង ថា ចាប់តាំងពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចចិន បានបញ្ជូនពលរដ្ឋខ្មែរ ដែលរងគ្រោះ ក្នុងករណីជួញដូរមនុស្សពីប្រទេសចិន ឲ្យវិលត្រឡប់មកកាន់ប្រទេសកម្ពុជា វិញ។ នៅក្នុងចំណោមបទល្មើសសរុប៤២ករណី មាននារីចំនួន៩៨ នាក់ ហើយក្នុងនោះមានចំនួន៥៩នាក់ បានត្រឡប់ទៅគេហដ្ឋានរបស់ពួកគាត់វិញហើយ ខណៈ៣៩នាក់ផ្សេងទៀត កំពុងតែស្ថិតក្រោមការមើលថែ ដោយនាយកដ្ឋានគាំពារជនរងគ្រោះ និង ការពារអនីតិជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។
សេចក្ដីប្រកាសនេះ ជាសារមួយពញ្ញាក់ស្មារតីរបស់នារីខ្មែរ ឲ្យប្រុងប្រយ័ត្នខ្ពស់ពីរឿងនេះ ដើម្បីបញ្ចៀសនូវចាញ់បោកគេ ក្រោមល្បិចរៀបការជាមួយជនបរទេស ឬស្វែងរកការងារធ្វើ នៅក្រៅប្រទេស។ នៅក្នុងចំណោមនារីជាច្រើន ដែលបានប្រឹងប្រែង កែប្រែជោគវាសនារបស់ខ្លួន តាមវិធីសាស្ត្រស្វែងរកស្វាមីបរទេស គឺមានអ្នកដែលមានសុភមង្គល និង លើកកម្ពស់កិត្តិយស និងទ្រព្យសម្បត្តិគ្រួសារ ក៏មានច្រើន។ ប៉ុន្តែអ្វីដែលបារម្ភ ក្លាចប៉ះករណីស៊យ ដូចករណីលើកឡើងខាងលើនេះ។
កាលពីពេលកន្លងមកនេះ មានករណីរបស់នារីខ្មែររងគ្រោះ ភាគច្រើនដែលត្រូវបានគេរាយការណ៍ គឺមានទាក់ទងនឹងចិន កូរ៉េខាងត្បូង និង ប្រទេសមួយចំនួនទៀត ។ នារីទាំងនោះត្រូវបានគេជ្រើសរើស តាមរយៈក្រុមបុគ្គលដែលមានបណ្តាញ នៅក្នុងប្រទេស និងបណ្តាញក្រៅប្រទេស។ ពួកគេត្រូវបានអាជ្ញាធរចាត់វិធានការយ៉ាងតឹងរឹង តែនៅតែមានករណីបែបនេះ កើតឡើង និងបន្តដំណើរការជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ន៕