រាជធានីភ្នំពេញ៖ នៅលើពិភពលោកនេះ មនុស្ស តែងតែមានអ្នកល្អ និង អាក្រក់ មិនថាជាតិសាសន៍ណាមួយនោះឡើយ ហើយជនអាក្រក់ តែងតែប្រើប្រាស់គ្រប់ល្បិចកិចកល ដើម្បីបោកប្រាស់ដល់អ្នកស្លូតត្រង់ខ្វះការគិតពិចារណា ឲ្យលង់នៅក្នុងឧបាយរបស់ខ្លួន សម្រាប់បោកបញ្ឆោតយកទ្រព្យរបស់ជនរងគ្រោះ ទើបលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសរសេរសារដាស់តឿនក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ថា៖«សេចក្តីលោភលន់ អាចធ្វើឲ្យអ្នកភ្លេចនូវសេចក្តីត្រិះរិះ!។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសរសេរសារបង្ហោះ នៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន កាលពីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ថា៖«រយៈកាលកន្លងមក ខ្ញុំបានផ្សព្វផ្សាយនូវបទពិសោធន៍ អំពីការឆបោកជាច្រើនរូបភាព តាមរយៈលទ្ធផលដែលខ្ញុំដឹកនាំកម្លាំងក្រោមឱវាទបង្ក្រាបបាន តាំងពីខ្ញុំនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រហូតមកធ្វើជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដូចជាករណី ទម្លាក់មាស បញ្ឆោតឲ្យយើងឃើញ ហើយបបួលយើងចែកគ្នា ដោយគេយកគ្រឿងអលង្កាឬប្រាក់ដែលមានជាប់ខ្លួនយើង ហើយយើងយកមាសដែលគេទម្លាក់មកផ្ទះ ក្លាយជារបស់ក្លែងក្លាយ។ ករណីអ្នកមិនស្គាល់ក្លែងជាជនសប្បុរស ឬជាអ្នកសុំស្នេហ៍ពីយើង ហើយផ្ញើរបស់របរមានតម្លៃ ឬប្រាក់ពីក្រៅប្រទេសឲ្យយើង។ បន្ទាប់មកក៏មានអ្នកក្លែង ជាគយ ឬសមត្ថកិច្ច តេប្រាប់យើង ថា របស់មានតម្លៃ ឬប្រាក់ ដែលផ្ញើមកពីក្រៅប្រទេស សុទ្ធតែខុសច្បាប់ ហើយក៏បោកយើង ថា ដើម្បីយករបស់ឬប្រាក់ទាំងនោះបាន ត្រូវបង់ប្រាក់ឲ្យគេ ជាដើម។ ប៉ុន្ដែអ្វីដែលភ្ញាក់ផ្អើល និងសោកស្តាយបំផុត គឺបានឃើញល្បិចឆបោកដដែលៗរបស់ជនទុច្ចរិត នៅតែមានប្រសិទ្ធភាព។ ករណីនេះដោយមានជនរងគ្រោះម្នាក់ ហើយម្នាក់ទៀត ត្រូវរងការបោកប្រាស់ និង ធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិអស់ជាច្រើន។
មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសរសេបន្ដ ថា៖ ថ្ងៃនេះ ខ្ញុំសូមលើកយករូបភាពឆបោកមួយករណីទៀត ដែលអាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាប កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ មកអំពាវនាវជាថ្មី ដើម្បីឲ្យមហាជនមានការប្រយ័ត្ន។ ជនរងគ្រោះម្នាក់ ត្រូវបានជនជាតិស្បែកខ្មៅ ចំនួន៥នាក់ លួងលោម ថា ពួកគេមានប្រាក់ប្រឡាក់ទឹកខ្មៅជាច្រើនលានដុល្លារអាមេរិក តែពុំអាចចាយបាន។ លុះត្រាតែមានប្រាក់ដុល្លារពិតប្រាកដ យកមកលាង ជាមួយម្សៅ ហើយយកម្សៅនោះទៅលាង ជាមួយប្រាក់ប្រឡាក់ទឹកខ្មៅ ទើបក្លាយជា ប្រាក់អាចចាយបាន ដោយពួកវានឹងឲ្យផលចំណេញ មកជនរងគ្រោះវិញ ១ទ្វេជា៣ ឬ ១ទ្វេជា៥។ ដំបូងឡើយ ជនរងគ្រោះ បានយកប្រាក់ដុល្លារពិតប្រាកដ ចំនួន២ពាន់ដុល្លារទៅឲ្យក្រុមឆបោក ដាក់ចូលម៉ាស៊ីន ក្រឡុកជាមួយម្សៅ និងដាក់ប្រាក់ប្រឡាក់ទឹកខ្មៅ ចូល៨ពាន់ដុល្លារ តែមុនពេលក្រឡុក ក្រុមឆបោកបានឲ្យជនរងគ្រោះលេបថ្នាំ ដោយប្រាប់ ថា ដើម្បីការពារការពុលម្សៅគីមី ដែលក្រឡុកប្រាក់ ហើយពួកវាក៏លេបឲ្យមើលមុនផងដែរ។ មួយសន្ទុះក្រោយមកឃើញ ថា ប្រាក់ចេញមកវិញ ចំនួន១ម៉ឺនដុល្លារ សុទ្ធតែជាប្រាក់ដុល្លារពិតប្រាកដ អាចចាយបាន (ត្រង់នេះជាល្បិចបន្លំមួយ)។ បន្ទាប់មក ក្រុមឆបោកក៏បានប្រគល់ប្រាក់ដែលទើបលាងរួច ឲ្យទៅជនរងគ្រោះទាំងអស់ (ត្រង់នេះជាល្បិចចិត្តសាស្ត្រមួយ)។
មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសរសេបន្ដទៀត ថា៖ ក្រោយមកជនរងគ្រោះ ក៏មានការទុកចិត្ត ជឿលង់ទៅលើជនឆបោកទាំងស្រុង បានប្រគល់ប្រាក់ជាបន្តបន្ទាប់ ឲ្យទៅជនឆបោកទាំងនោះ រហូតដល់ចំនួន៧លានដុល្លារ ដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅ ចំនួន២៨លានដុល្លារ។ ក្រុមឆបោក បានបែងចែកឲ្យជនរងគ្រោះ ចំនួន២៥លានដុល្លារ គ្រាន់តែរាងរាល់ពេល ដកប្រាក់ចេញពីម៉ាស៊ីនក្រឡុក គឺក្រុមឆបោកបានវេចខ្ចប់ រុំស្កុតពណ៌លឿង និង ប្រាប់ថា ប្រាក់ទាំងនេះ មិនទាន់ឲ្យហែកភ្លាមៗទេ ត្រូវទុកច្រើនខែសិន ទើបហែកស្កុតបាន បើមិនអ៊ីចឹង នឹងមិនអាចក្លាយជាប្រាក់ពិតប្រាកដឡើយ។ លុះ១ខែក្រោយមក១ ជនរងគ្រោះ មានការសង្ស័យ ក៏បានហែកដុំប្រាក់ទាំងនោះមើល ក៏ឃើញ ថា សុទ្ធតែជាប្រាក់ដុល្លារសែនខ្មោច និង ក្រដាសសសុទ្ធទាំងអស់ ទើបដឹងថា ចាញ់បោកគេ។ ជាលទ្ធផល ជនរងគ្រោះខាតបង់ប្រាក់ រហូតដល់៧លានដុល្លារ (ត្រង់នេះ គឺក្រុមឆបោកបានបន្លំប្តូរប្រាក់ នៅពេលដាក់ចូលក្នុងម៉ាស៊ីន ដោយត្រឡប់ប្រាក់ពិតប្រាកដ ចុះទៅក្នុងប្រអប់សម្ងាត់ នៅបាតម៉ាស៊ីន និង ជំនួសមកវិញនូវប្រាក់សែនខ្មោច។ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនបានត្រឹមជនជាតិស្បែកខ្មៅ ចំនួន២នាក់ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។ បក្ខពួកជនល្មើសដែលនៅសេសសល់ កំពុងតែស្ថិតក្រោមការតាមស្រាវជ្រាវស្វែងរបស់សមត្ថកិច្ច ដើម្បីនាំមកចាត់ការបន្តតាមច្បាប់។
ជាមួយគ្នានេះ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ ថា៖«ជាថ្មីម្តងទៀត ខ្ញុំសូមយកបទពិសោធន៍ទាំងនេះ អំពាវនាវដល់បងប្អូន សូមមានការត្រិះរិះ ដោយប្រុងប្រយ័ ត្នឲ្យបានខ្ពស់បំផុត កុំឲ្យសេចក្តីលោភលន់ មកបិទបាំងភ្នែក និងរារាំងដល់ការពិចារណារបស់យើង ព្រោះថានៅលើលោកនេះ ពុំមានផលប្រយោជន៍ឯណា រត់មករកយើង ដោយឯកឯងនោះទេ បើគេប្រាប់យើង ថា អាចរកប្រាក់បានស្រួល ដោយមិនបាច់ប្រឹង យើងត្រូវតែសួរខ្លួនឯង ថា ម្តេចគេមិនសម្ងំរកតែម្នាក់ឯង បែរជាមកហៅរកយើងឲ្យចូលរួមចែករំលែក ឬកាត់បន្ថយផលប្រយោជន៍របស់គេ តើយើងត្រូវជាអ្វីនឹងគេ? ចុះម្តេចគេមិនយកផលប្រយោជន៍ទាំងនោះទៅចែករំលែកជាមួយប្រពន្ធកូន បងប្អូនសាច់ញាតិ មិត្តភក្តិស្និទ្ធស្នាល ឬជនរួមជាតិគេ? នេះហើយជាទម្រង់នៃការបោកប្រាស់៕