ដូណាល់ត្រាំ ចាប់ផ្ដើមមិនសប្បាយចិត្តជាមួយពូទីន បន្ដវាយប្រហារទ្រង់ទ្រាយធំលើរដ្ឋធានីកៀវ

10 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលសម្ពន្ធមិត្តលោកខាងលិច កំពុងតែជំទាស់នឹងការណែនាំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជំរុញឲ្យរដ្ឋាភិបាលក្រុងកៀវ ទទួលស្គាល់នូវទឹកដីដែលក្រុងមូស្គូ បានរឹបអូសពីអ៊ុយក្រែន ជាទឹកដីរុស្ស៊ី ខណៈនាយករដ្ឋមន្ត្រីអង់គ្លេស លោក ឃេរ ស្ដាមឺរ (Keir Starmer) បានប្រឆាំងនឹងសំណើនេះ ប៉ុន្ដែឥឡូវម្ចាស់សេតវិមានរូបនេះ ចាប់ផ្ដើមមានការមិនសប្បាយចិត្ត ចំពោះមេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានបន្ដវាយប្រហារទ្រង់ទ្រាយធំ ដោយដ្រូន និង មីស៊ីល មកលើរដ្ឋធានីកៀវ។

សារព័ត៌មានរបស់ចក្រភពអង៉គ្លេស Daily Mail បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានរិះគន់ដល់សមភាគីរុស្ស៊ីរបស់គាត់ គឺលោក វ៉្លាឌីមៀ ពូទីន ចំពោះការវាយប្រហារ ដោយមីស៊ីល និង ដ្រូន ទៅលើរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន កាលពីយប់មិញ។

ក្រុមមន្រ្ដីរបស់អ៊ុយក្រែន បានបញ្ជាក់ ថា លោកប្រធានាធិបតី ពូទីន បានវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំ មកលើរដ្ឋធានីកៀវ ដោយបានសម្លាប់មនុស្សយ៉ាងតិច ៩នាក់ និង ៧០នាក់ផ្សេងទៀត រងរបួស ដោយរាប់បញ្ចូនទាំងកុមារ ចំនួន៦នាក់ផងដែរ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសរសេរសារបង្ហោះ នៅលើបណ្ដាញសង្គម Truth Social ថា៖«ខ្ញុំមិនសប្បាយចិត្ត ចំពោះការវាយប្រហាររបស់រុស្ស៊ី ទៅលើរដ្ឋធានីកៀវ។ វាមិនមានជាការចាំបាច់នោះទេ ហើយវាពេលវេលាអាក្រក់បំផុត។ សូមលោក វ្ល៉ាឌីមៀ ពូទីន ត្រូវតែបញ្ឈប់សកម្មភាពបែបនេះ ! ទាហាន ៥000នាក់ កំពុងតែស្លាប់ នៅក្នុងរយៈពេលមួយសប្តាហ៍កំពុងស្លាប់។ សូមឱ្យកិច្ចព្រមព្រៀងសន្តិភាព ជាបន្ទាន់ ទើបបញ្ចៀសនូវការស្លាប់ទាហានទាំងសងខាង»។

បើតាមសំណើរបស់សហរដ្ឋអាមេរិក បានស្នើឲ្យក្រុងកៀវ ទទួលស្គាល់ឧបទ្វីបគ្រីមៀ ដែលរដ្ឋាភិបាលក្រុងមូស្គូ បានរឹបអូសយកពីអ៊ុយក្រែន ដោយគ្មានការបង្ហូរឈាម កាលពីអំឡុងឆ្នាំ២០១៤ រួមទាំងទឹកដីមួយចំនួនទៀត ជាទឹកដីរបស់រុស្ស៊ី។

ដោយឡែក លោក ឃេរ ស្ដាមឺរ (Keir Starmer) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានជំទាស់នឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ជាមួយនឹងការបញ្ជាក់យ៉ាងច្បាស់ ថា អ៊ុយក្រែន ត្រូវតែអនុញ្ញាតឱ្យសម្រេចចិត្តដោយខ្លួនឯង លើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព ជាមួយរុស្ស៊ី។

លោកនាយករដ្ឋមន្រ្ដី ឃេរ ស្ដាមឺរ បានសរសេរ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា៖«យើងកំពុងតែស្ថិតក្នុងដំណាក់កាលដ៏ខ្លាំងក្លាមួយ នៅក្នុងការចរចាសន្ដិភាព។ នៅទីបញ្ចប់ ខ្ញុំតែងតែចងចាំ អំពីការពិត ត្រង់ថា កិច្ចចរចាសន្ដិភាព គឺអ៊ុយក្រែន ដែលត្រូវតែសម្រេចចិត្តលើបញ្ហាទាំងនោះ ហើយបញ្ហានេះមិនមែនមនុស្សផ្សេង មកសម្រេចចិត្ត ជំនួសអ៊ុយក្រែន នោះឡើយ»។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស ក៏បានប្រឆាំងនឹងការអះអាងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានលើកឡើង ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ជាអ្នកបំពានលើការសម្រេចចិត្ត ទើបនាំទៅដល់ការឈ្លានពាន មកលើប្រទេសអ៊ុយក្រែន។ វាជាការពិតណាស់! គឺរុស្ស៊ី ជាអ្នកឈ្លានពានទៅលើប្រទេសជិតខាង៕

ពត័មានពេញនិយម