អាវុធហត្ថ បង្ហាញមុខបុរសស្បែកខ្មៅ២នាក់ ឆបោកប្រាក់ពីជនរងគ្រោះ៧លានដុល្លារ

10 ម៉ោងមុន

រាជធានីភ្នំពេញ៖ ជនបរទេសមួយក្រុម បានឆបោកប្រាក់រាប់លានដុល្លារ ពីជនរងគ្រោះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថបង្ក្រាប និង ឃាត់ខ្លួនចំនួន២នាក់ ហើយនាំមកបង្ហាញមុខជាសាធារណៈ កាលពីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅមុនពេលបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។

មន្រ្ដីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹង ថា កាលពីពេលកន្លងទៅថ្មីៗនេះ មានជនជាតិស្បែកខ្មៅមួយក្រុម មានគ្នាចំនួន៥នាក់ បានល្បួងលួងលោមជនរងគ្រោះម្នាក់ ដោយបានប្រាប់ ថា ពួកគេមានមានប្រាក់ប្រឡាក់ទឹកខ្មៅជាច្រើនលានដុល្លារអាមេរិក។ ប៉ុន្ដែលុយទាំងនេះមិនអាចចាយបាននោះឡើយ ល្គឹកណាមានប្រាក់ដុល្លារពិតប្រាកដយកមកលាង ជាមួយម្សៅ ហើយយកម្សៅនោះទៅលាង ជាមួយក្រដាសប្រាក់ប្រឡាក់ទឹកខ្មៅ ទើបវាក្លាយទៅជាប្រាក់ដុល្លារពិតប្រាកដ អាចចាយបាន។ ប្រសិនបើមានប្រាក់ដុល្លារពិតប្រាកដ ហើយលាងបាន គឺពួកគេនឹងឲ្យផលចំណេញ ដល់ជនរងគ្រោះ ១ទ្វេជា៣ ឬ ១ទ្វេជា៥។

ប្រភពដដែលបន្ត ថា ដំបូងឡើយ ជនរងគ្រោះបានយកប្រាក់ដុល្លារពិតប្រាកដ ចំនួន២ពាន់ដុល្លារ ទៅឲ្យក្រុមឆបោកដាក់ចូលម៉ាស៊ីនក្រឡុកជាមួយម៉្សៅ និង ដាក់ប្រាក់ប្រឡាក់ទឹកខ្មៅចូលចំនួន៨ពាន់ដុល្លារ។ ប៉ុន្ដែនៅមុនពេលក្រឡុកនោះ ក្រុមឆបោកបានឲ្យជនរងគ្រោះលេបថ្នាំ ដោយប្រាប់ថា ដើម្បីការពារការពុលម្សៅគីមី ដែលក្រឡុកប្រាក់ ខណៈពួកគេក៏បានលេបថ្នាំនោះឲ្យមើលមុនផងដែរ។ លុះមួយសន្ទុះក្រោយមក ឃើញថា ប្រាក់បានចេញមកវិញ ចំនួន១ម៉ឺនដុល្លារ សុទ្ធតែជាប្រាក់ដុល្លារពិតប្រាកដ អាចចាយបាន។ បន្ទាប់មក ក្រុមឆបោកបានប្រគល់ប្រាក់ដែលទើបលាងរួច ឲ្យទៅជនរងគ្រោះទាំងអស់ ដែលនេះជាល្បិចចិត្តសាស្ត្រមួយ។
ប្រភពព័ត៌មានដដែល បានបន្ថែម ថា ក្រោយពេលមើលឃើញស្ដែងៗបែបនេះ ជនរងគ្រោះកាន់តែមានការទុកចិត្ត និង ជឿលង់ខ្លួនទៅលើជនឆបោកទាំងស្រុង រហូតប្រគល់ប្រាក់ជាបន្តបន្ទាប់ទៅឲ្យជនឆបោក រហូតដល់ចំនួន៧លានដុល្លារ ដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅ ចំនួន ២៨លានដុល្លារ។ ក្រុមឆបោក បានបែងចែកឲ្យជនរងគ្រោះ ចំនួន២៥លានដុល្លារ គ្រាន់តែរាង រាល់ពេលដកប្រាក់ចេញពីម៉ាស៊ីនក្រឡុក គឺក្រុមឆបោកបានវេចខ្ចប់រុំស្កុតពណ៌លឿង និងប្រាប់ថា ប្រាក់ទាំងនេះ មិនទាន់ឲ្យហែកភ្លាមៗបានទេ ត្រូវទុករយៈពេលច្រើនខែសិន ទើបហែកស្កុតបាន បើមិនអ៊ីចឹងទេ វានឹងមិនអាចក្លាយជាប្រាក់ពិតប្រាកដឡើយ។ លុះ១ខែក្រោយមក ជនរងគ្រោះចាប់ផ្ដើមមានការសង្ស័យ ក៏ហែកដុំប្រាក់ទាំងនោះមើល ឃើញសុទ្ធតែជាប្រាក់ដុល្លារសែនខ្មោច និង ក្រដាសសសុទ្ធទាំងអស់ ទើបដឹង ថា ខ្លួនចាញ់បោកជនឆបោកទាំង ហើយបានប្ដឹងមកសមត្ថកិច្ច។

ប្រភពដដែល បានបន្ដ ថា បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ សមត្ថកិច្ចអាវុធហត្ថ បានចេញប្រតិបត្ដិការស្រាវជ្រាវ និង ធ្វើការងារតាមជំនាញរបស់ខ្លួន។ ជាលទ្ធផល នៃប្រតិបត្ដិការនេះ អាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង័្សយជាជនជាតិស្បែកខ្មៅ ចំនួន២នាក់ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ។

ក្រោយពេលបង្ក្រាបរួច សមត្ថកិច្ចអាវុធហត្ថ បាននាំជនសង័្សយជាជនជាតិស្បែកខ្មៅ ទាំង២នាក់ មកបង្ហាញខ្លួនជាសាធារណៈ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅមុនពេលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសតាមច្បាប់។ ដោយឡែកបក្ខពួករបស់ជនសង័្សយផ្សេងៗទៀត កំពុងតែស្ថិតក្រោមការតាមចាប់ខ្លួនពីសមត្ថកិច្ច៕

ពត័មានពេញនិយម