ខេត្តកំពង់ឆ្នាំង ៖ តុលាការខេត្តកំពង់ឆ្នាំងបានសម្រេចឃុំខ្លួនស្ត្រីម្នាក់ដាក់ពន្ធនាគារ កាលពីរសៀលថ្ងៃទី២៤ មេសា ឆ្នាំ២០២៥ ក្រោយពីស្ត្រីរូបនោះបានយកកាំបិតប៉័ងតោទៅកាប់សម្លាប់ស្ត្រីម្នាក់ទៀតដោយចោទប្រកាន់ថា ចេះអំពើអាបធ្មប់ ។
សូមរំលឹកថា កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២២ មេសា ឆ្នាំ២០២៥ ស្ត្រីដែលត្រូវបានឃាត់ខ្លួនឈ្មោះយូ នឿន អាយុ៤៥ឆ្នាំ រស់នៅភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ បានយកកាំបិត ប៉័ងតោទៅកាប់លើស្ត្រីរងគ្រោះឈ្មោះវន សៅរិន្ទ អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្ដាលឱ្យស្លាប់នៅនឹងកន្លែង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចស្រាវជ្រាវនិងបានឃាត់ខ្លួនស្ត្រីជាជនដៃដល់នៅថ្ងៃទី២៣ ខែមេសា ។ បន្ទាប់ពីការសាកសួរស្ត្រីជាជនដៃដល់រូបនោះបានឆ្លើយថា មូលហេតុគឺដោយសារជនរងគ្រោះចេះអំពើអាបធ្មប់ ទើបខ្លួនយកកាំបិតប៉័ងតោទៅកាប់សម្លាប់តែម្ដង។
ក្រោយការសាកសួរ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនជនដៃដល់ទៅតុលាការ ហើយត្រូវបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ៕