ឯកឧត្ដម ឌី វិជ្ជា រន្ធត់ចិត្ត ចំពោះការបាត់បង់ជីវិតរបស់កីឡាករឆ្នើមម្នាក់ នៃក្លឹបបាល់ទាត់វិសាខា

22-មេសា-2025 - ម៉ោង 09:15:AM

រាជធានីភ្នំពេញ៖ ក្រោយពេលទទួលបានព័ត៌មានពីកីឡាករម្នាក់របស់ក្លឹបបាត់ទាត់វិសាខា បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ រហូតដល់បាត់បង់ជីវិតបែបនេះភ្លាម ឯកឧត្ដម ឌី វិជ្ជា និង ភរិយា មានការរត់ចិត្តយ៉ាងខ្លាំង ចំពោះការបាត់បង់កីឡាករបាត់ទាត់ឆ្នើមរូបនេះ។

ឯកឧត្ដម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និង ជាប្រធានក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានសរសេរសារបង្ហោះ នៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ថា៖«ខ្ញុំ និងក្រុមគ្រួសារ មានសេចក្តីក្តុកក្តួល រន្ធត់តក់ស្លុត និងសោកស្តាយជាអនេក ចំពោះមរណភាពរបស់លោក ទេស សម្បត្តិ កីឡាកររបស់ក្លឹបបាល់ទាត់វិសាខា ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥»។

ឯកឧត្ដម អគ្គស្នងការរងនគរបាលជាតិ រូបនេះ បានសរសេរបន្ដ ថា៖«ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំសូមចូលរួមសម្តែងនូវមរណទុក្ខ ដោយក្តីស្រណោះ អាឡោះអាល័យ ជាមួយគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព ចំពោះការបាត់បង់ដ៏ធំធេងនូវស្វាមី ឪពុក កូន ក្នុងគ្រួសារមួយរូប ជាទីស្រលាញ់ដ៏ជ្រាលជ្រៅ។ ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ទេស សម្បត្តិ បានទៅកាន់ឋានបរមសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ…។ សូមចូលរួមមរណទុក្ខ ពីខ្ញុំ ឌី វិជ្ជា និងក្រុមគ្រួសារ។

លោក ទេស សម្បត្តិ កីឡាកររបស់ក្លឹបបាល់ទាត់វិសាខា និង ជាអតីតកីឡាករជម្រើសជាតិកម្ពុជា បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ រហូតដល់បាត់បង់ជីវិត កាលពីវេលាម៉ោង១០ និង ៣០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥។ កីឡាករ ទេស សម្បត្តិ ជាអតីតយុវជនថ្នាល ត្រូវបានបណ្ដុះបណ្ដាលដោយផ្ទាល់ ពីសាលាកីឡាបាល់ទាត់ជាតិ (បាទី) ចាប់ពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៨ និង បានចូលរួមការប្រកួតជាច្រើនលើក ជាមួយក្រុមជម្រើសជាតិកម្ពុជា ទាំងយុវជន និងឈុតធំ។ ការបាត់បង់កីឡាករ ទេស សម្បត្តិ គឺជាការបាត់បង់នូវធនធានកីឡាករដ៏ឆ្នើមមួយរូបរបស់ប្រទេសកម្ពុជា ផងដែរ។

កីឡាករ ទេស សម្បត្តិ បានជិះម៉ូតូម៉ាក ADV ហើយសពរបស់គាត់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅក្នុងប្រឡាយទឹកសាក់សំពៅ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅភូមិកំរៃ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ សមាជិកនៃសហព័ន្ធន៍កីឡាបាល់ទាត់កម្ពុជាទាំងអស់ សូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់កីឡាករ ទេស សម្បត្ដិ បានទៅចាប់បដិសន្ធិ នៅក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ រីឯក្រុមកីឡាករព្រះខ័នរាជស្វាយរៀង នៅមុនចាប់ផ្ដើមហ្វឹកហាត់ ក៏បានស្មឹងស្មាធិ៍គោរពដល់វិញ្ញាណក្ខន្ធរបស់កីឡាករ ទេស សម្បត្តិ និង សូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធ ទេស សម្បត្តិ បានទៅចាប់កំណើត នៅឋានបរមសុខ៕

ពត័មានពេញនិយម