រាជធានីភ្នំពេញ៖ ជាងកាត់សក់ចល័តម្នាក់ បានក្អួតឈាម រហូតដល់ស្លាប់ នៅក្នុងបន្ទប់ជួលតែម្នាក់ឯង ដោយអត់មានអ្នកណាម្នាក់ដឹង លុះក្រោយមកទើបបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នៅក្នុងបន្ទប់ជួលមួយកន្លែង តាមផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ ម្ចាស់បន្ទប់ជួល បានដើរមករកបុរសរងគ្រោះ ឈ្មោះ ពង្ស រតនៈ អាយុ៣៣ឆ្នាំ មានមុខរបរជាជាងកាត់សក់ចល័ត ដើម្បីទារលុយថ្លៃបន្ទប់ជួលរបស់គាត់។ លុះពេលទៅដល់ គាត់បានគោះទ្វារហៅជនរងគ្រោះ តែមិនឮសំឡេងឆ្លើយតប ទើបគាត់រុញទ្វារចូលទៅ ក៏ប្រទះឃើញជនរងគ្រោះ បានដេកផ្កាប់មុខស្លាប់ ហើយបានឃើញកំអួតធ្លាក់ឈាម នៅក្នុងបន្ទប់ ទើបគាត់ស្រែកឆោឡោឡើង ភ្ញាក់ផ្អើលដល់អ្នករស់នៅជិតខាង និងរាយការណ៍ទៅសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកក់ទី២។
ក្រោយពេលកើតហេតុ សមត្ថកិច្ចពាក់ព័ន្ធ បានចុះទៅពិនិត្យ និង ធ្វើកោសល្យវិច័យ ហើយបានសន្និដ្ឋាន ថា ជនរងគ្រោះ បានស្លាប់ ដោយសារការគាំងបេះដូង។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពជនរងគ្រោះ ទៅក្រុមគ្រួសារ ដើម្បីដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕