សមត្ថកិច្ចកម្ពុជា បណ្ដេញជនបរទេសជិតខាង២០នាក់ ទៅកាន់ប្រទេសកំណើតរបស់ពួកគេ

ម្សិលមិញ ម៉ោង 09:01:AM

រាជធានីភ្នំពេញ៖ ជនអន្ដោប្រវេសន៍វៀតណាម បានចូលមកស្នាក់នៅ និង ធ្វើការងារដោយខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា ក៏ត្រូវបានសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវ និង ឃាត់ខ្លួនបានចំនួន២០នាក់ ហើយបណ្ដេញពួកគេទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។

អគ្គនាយកដ្ឋានបន្ដោប្រវេសន៍ បានប្រកាស ថា កម្ពុជា បានបណ្តេញជនជាតិវៀតណាម ចំនួន២០នាក់ ចេញពីប្រទេសកម្ពុជា។ ជនជាតិវៀតណាមទាំងនេះ មានជាប់ពាក់ព័ន្ធនឹងករណីលួចស្នាក់នៅ ធ្វើការងារដោយខុសច្បាប់ ចាប់ឃុំឃាំង និង បង្ខាំងដោយខុសច្បាប់ ឆបោកមានស្ថានទម្ងន់ទោស និង គ្មានលិខិតឆ្លងដែន ។

លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានណែនាំដល់នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី បណ្តេញជនជាតិវៀតណាម សរុបចំនួន២០នាក់ ហើយក្នុងនោះមានស្រី៥នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារប៉ុស្តិ៍នគរបាលព្រំដែនអន្តរជាតិព្រែកចាក ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ ជនជាតិវៀតណាមទាំងនេះ មានជាប់ពាក់ព័ន្ធនឹងករណីជាច្រើន រួមមាន៖ លួចស្នាក់នៅធ្វើការងារដោយខុសច្បាប់ (មានលិខិតឆ្លងដែន និងគ្មានលិខិតឆ្លងដែន) ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ (គ្មានលិខិតឆ្លងដែន) និង ករណីឆបោកមានស្ថានទម្ងន់ទោស (គ្មានលិខិតឆ្លងដែន)។ ជនបរទេសទាំងនេះ បានអនុវត្ដទោសទណ្ឌចប់សព្វគ្រប់តាមច្បាប់របស់កម្ពុជា នៅមុនពេលបណ្ដេញពួកគេទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។

បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹង ថា ជនជាតិវៀតណាមទាំង២០នាក់នេះ គឺនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន៣នាក់ (ប្រុស), ទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន៧នាក់ (ស្រី២ នាក់), ទទួលពីការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន១នាក់ (ភេទប្រុស) និង ទទួលពីពន្ធនាគារខេត្តព្រះសីហនុ ចំនួន៩នាក់ ហើយក្នុងនោះមានស្រី៣នាក់៕

ពត័មានពេញនិយម