រន្ទះបាញ់បុរសម្នាក់ស្លាប់ បញ្ចប់ជីវិតសុនខ២ក្បាល នៅក្បែរជនរងគ្រោះ

24-មេសា-2025 - ម៉ោង 10:06:AM

ខេត្តព្រះសីហនុ៖ ភ្លៀងបានបង្អុរចុះមកមួយមេ ស្រាប់តែមានរន្ទះបាញ់លាន់កក្រើកដី បណ្ដាលឲ្យបុរសម្នាក់បាត់បង់ជីវិត និង ឆក់យកសុនខ (ឆ្កែ) ចំនួន២ក្បាល បង្កឲ្យមានការភ័យរន្ធត់យ៉ាងខ្លាំង កាលពីវេលាម៉ោង១ និង ៤៥នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅភូមិសម្ដេចតា ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា កាលពីរសៀល ថ្ងៃកើតហេតុ ភ្លៀងបានបង្អុរចុះមកយ៉ាងខ្លាំងលាយឡំជាមួយខ្យល់ និង ផ្គររន្ទះយ៉ាងគគ្រឹមលាន់កក្រើកមេឃគួរឲ្យភ័យខ្លាច។ ស្របពេលនោះ ជនរងគ្រោះបានដើរចេញមកឈរនៅខាងក្រៅផ្ទះ សម្រាប់តែរន្ទះបាញ់ឆាំងឡើង លាន់កក្រើកព្រះធរណី បណ្ដាលឲ្យជនរងគ្រោះបាត់បង់ជីវិតភ្លាមៗមួយរំពេច និង ធ្វើឲ្យឆ្កែចំនួន២ក្បាល ដែលដេកជិតនោះងាប់។

សមត្ថកិច្ចស្រុកកំពង់សិលា បានឲ្យដឹង ថា បុរសរងគ្រោះ ឈ្មោះ អ៊ួច ទួច អាយុ៤៦ឆ្នាំ មានទីលំនៅភូមិសាឡង់៣ ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ជនរងគ្រោះបានមកស្នាក់នៅបណ្ដោះអាសន្ន នៅភូមិ-ឃុំកើត ដើម្បីធ្វើជាកម្មករជៀរជ័រកៅស៊ូ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចពាក់ព័ន្ធបានចុះទៅពិនិត្យ និង ធ្វើកោសល្យវិច័យ រួចហើយបានប្រគល់សពរបស់ជនរងគ្រោះទៅក្រុមគ្រួសារ និងអាជ្ញាធរភូមិ-ឃុំ ចាត់ចែងរៀបចំបូជា និង ធ្វើបុណ្យតាមប្រពៃណី នៅក្នុងដីសហគមន៍ក្បែរនោះ៕

ពត័មានពេញនិយម