ខេត្តកណ្តាល៖ បុរសម្នាក់ បានបើករថយន្ដដឹកបងប្អូន ចេញពីផ្ទះធ្វើដំណើរទៅលេងឪពុកម្ដាយ ហើយបើកឡើងទូកដ ស្រាប់តែជាន់ហ្គែរខ្លាំងពេក ធ្វើឲ្យរថយន្ដស្ទុះចេញពីទូកដ ហក់ចូលទៅក្នុងទឹក បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រត់ទៅជួយសង្គ្រោះ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅត្រើយខាងកើត នៃកំពង់ចម្លងស្វាយតានី ស្ថិតក្នុងភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
បើតាមសាច់ញាតិរបស់ជនរងគ្រោះ បានឲ្យដឹង ថា នៅមុនពេលកើតហេតុ ពួកគាត់មានគ្នាចំនួន៣នាក់ ដោយក្នុងនោះ មានស្រីម្នាក់ បានបបួលគ្នាទៅលេងឪពុកម្តាយ នៅភូមិព្រែកសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ លុះពេលពួកគាត់បានធ្វើដំណើរមកដល់ចំណុចកំពង់ចម្លងស្វាយតានី នាត្រើយខាងកើត អ្នកបើកបរបានបើករថយន្ដព្រូស ឡើងទៅលើទូកដ ស្រាប់តែគេជ្រុលជាន់ហ្គែរខ្លាំងពេក ធ្វើឲ្យរថយន្ដស្ទុះទៅមុខ ធ្លាក់ចូលទៅក្នុងទឹកទន្លេបាសាក់។ ប៉ុន្តែជាសំណាងល្អ ពួកគាត់ទាំង៣នាក់បានរួចផុតពីគ្រោះថ្នាក់ ដោយសារតែមានបងប្អូនសមត្ថកិច្ច និង ប្រជាពលរដ្ឋរត់ទៅជួយទាន់ពេលវេលា។
ក្រោយពេលកើតហេតុភ្លាម លោក សេង វុធ និង លោក អេង វណ្ណឌី អភិបាលរងស្រុកស្អាង បានដឹកនាំកម្លាំងអាវុធហត្ថស្រុក កម្លាំងនគរបាលស្រុក ក្រុមប្រឹក្សាឃុំត្រើយស្លា កម្លាំងប៉ុស្តិ៍នគរបាលឃុំ លោកមេភូមិពោធិ៍កណ្តាល និង ម្ចាស់អាជីវកម្មកំពង់ចម្លងស្វាយតានី បានចេញមកជួយសង្គ្រោះជនរងគ្រោះទាំង៣នាក់ ដែលនៅក្នុងរថយន្តព្រូស ហើយបានស្រង់រថយន្ដឡើងមកលើគោកវិញ ប្រកបដោយសុវត្ថិភាព៕