រាជធានីភ្នំពេញ៖ ក្រោយពេលមានស្រ្ដីម្នាក់ ជាអ្នកលក់តាមអនឡាញ កំពុងតែពុលទឹកមាត់របស់ខ្លួនឯងជាមួយនឹងការបញ្ចេញមតិគ្មានមូលដ្ឋានច្បាស់លាស់ ចោទប្រកាន់ទៅលើក្រុមអ្នកសារព័ត៌មាន មានចំនួនរហូតដល់៨០ភាគរយ ជាអ្នកបំពុលសង្គមនោះមក ធ្វើឲ្យក្រុមអ្នកកាសែតនៅទូទាំងប្រទេស បញ្ចេញប្រតិកម្មយ៉ាងខ្លាំង ប្រឆាំងនឹងទង្វើខ្វះការគិតពិចារណាដោយគ្មានមូលដ្ឋានច្បាស់លាស់ ព្រោះអ្នកកាសែត ជាអ្នកចូលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការរិះគន់ស្ថាបនា ដល់មន្រ្ដីគ្រាប់ល្ពៅ ខណៈឥឡូវ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានប្ដឹងទៅកាន់ក្រសួងសារព័ត៌មាន ហើយក្រសួងបានទទួលពាក្យបណ្ដឹងនេះ ដើម្បីដំណើរការតាមនីតិវិធី។
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា កាលពីថ្ងៃទី២៤ ២០២៥ បានប្ដឹងស្ដ្រីលក់តាមអនឡាញម្នាក់ ដែលប្រើប្រាស់គណនីបណ្ដាញសង្គម ឈ្មោះ «MADAM.DA» ចូលទៅកាន់ក្រសួងព័ត៌មាន ហើយក្រសួង ក៏បានទទួលបណ្ដឹងរួចរាល់ហើយដែរ។
លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានបញ្ជាក់ ថា ស្ដ្រីម្នាក់នេះ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួន វាយប្រហារ ដោយគ្មានមូលដ្ឋានច្បាស់លាស់ មកលើស្ថាប័នសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។ ការលើកឡើងរបស់ស្រ្ដីរូបនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មកដល់កិត្តិយស និង សេចក្ដីថ្លៃថ្នូររបស់បងប្អូន ជាអ្នកសារព័ត៌មាន ដែលកំពុងតែបំពេញការងាររបស់ពួកគាត់ ប្រកបដោយក្រមសីលធម៌ និង វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន សម្រាប់ជួយដល់សង្គមជាតិ។
ម្ចាស់គណនី MADAM.DA បានលើកឡើង ថា៖«អ្នកសារព័ត៌មាន ចំនួន៨០ភាគរយ ជាអ្នកបំពុលសង្គម»។ ការលើកឡើងបែបនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង មកលើអ្នកសារព័ត៌មាន ដែលកំពុងតែបំពេញការងារ និង តួនាទីរបស់ខ្លួន ប្រកបដោយក្រមសីលធម៌ និង វិជ្ជាជីវៈ។
លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានសង្កត់ធ្ងន់ ថា បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា មានអ្នកសារព័ត៌មាន ចំនួនប្រហែលជា ១០ ០០០នាក់ កំពុងតែបំពេញតួនាទី និង ការងាររបស់ខ្លួន ប្រកបដោយក្រមសីលធម៌ និង វិជ្ជាជីវៈ។ ប៉ុន្ដែស្ដ្រីម្ចាស់គណនីហ្វេសប៊ុក MADAM.DA បានលើកឡើង ថា អ្នកកាសែត ៨០ភាគរយ ជាអ្នកបំពុលសង្គម។ អ៊ីចឹង មានន័យ ថា អ្នកសារព័ត៌មាន ប្រហែលជា ៨ ០០០នាក់ កំពុងតែបំពុលសង្គម..ឬ?
លោកប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា រូបនេះ បានបន្ថែម ថា ក្នុងនាមលោកជាប្រធានសមាគមអ្នកកាសែត មិនអាចទទួលយកបាននោះឡើយ ចំពោះការវាយប្រហារ ដោយគ្មានមូលដ្ឋានច្បាស់លាស់បែបនេះ។ ផ្ទុយទៅវិញ ប្រសិនបើបុគ្គល ជាអ្នកសារព័ត៌មានណាម្នាក់ ប្រព្រឹត្តខុសក្រមសីលធម៌ ឬ ផ្ទុយពីវិជ្ជាជីវៈជាអ្នកសារព័ត៌មាន សូមរិះគន់ឱ្យចំ ឈ្មោះបុគ្គលនោះតែម្ដងទៅ ហើយច្បាប់របស់ប្រទេសកម្ពុជា នឹងមានចំណាត់ការលើបុគ្គលនោះជាក់ជាមិនខាន។ ប៉ុន្ដែចំពោះការនិយាយតាមបណ្ដាញសង្គម ដោយគ្មានមូលដ្ឋានច្បាស់លាស់បែបនេះ លោកសូមប្រតិកម្មយ៉ាងខ្លាំង នៅក្នុងនាមលោកជាអ្នកសារព័ត៌មាន ហើយសមាគមរបស់លោក ក៏មិនកាន់ជើង ចំពោះបុគ្គលប្រព្រឹត្ដខុស ដោយធ្វើផ្ទុយនឹងក្រមសីលធម៌ និង វិជ្ជាជីវៈរបស់ខ្លួន ជាអ្នកសារព័ត៌មាន។
ទន្ទឹមគ្នានេះដែរ ក្រុមអ្នកសារព័ត៌មាន បានប្រតិកម្មប្រហាក់ប្រហែលគ្នា តបទៅកាន់ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ ថា៖«បើ MADAM.DA ហ៊ានវាយតម្លៃសរុបអ្នកកាសែត ចំនួន៨០ភាគរយ ជាអ្នកបំពុលសង្គមបែបនេះ តើ MADAM.DA មានមូលដ្ឋានអ្វីខ្លះ យកមកវាស់? MADAM.DA ភ្លេចខ្លួនឯង ថា ការលើកឡើង ដោយគ្មានមូលដ្ឋានច្បាស់បែបនេះ គឺ MADAM.DA កំពុងតែបំផុលសង្គម ឬមួយ MADAM.DA ពុលទឹកមាត់ខ្លួនឯង នៅក្នុងការបញ្ចេញទស្សនៈតាមបណ្ដាញសង្គម ដើម្បីចង់ល្បីល្បាញ? ការលើកឡើងរបស់ MADAM.DA កំពុងតែបង្កើតកំហុសយ៉ាងធ្ងន់ធ្ងរដល់ខ្លួនឯង ព្រោះវាប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និង កិត្តិយសរបស់អ្នកសារព័ត៌មាន។ ប៉ុន្ដែផ្ទុយទៅវិញ បើបុគ្គលជាអ្នកសារព័ត៌មានណាម្នាក់ ប្រព្រឹត្ដមិនត្រឹមត្រូវ តាមក្រមសីលធម៌ និង វិជ្ជាជីវៈជាអ្នកសារព័ត៌មាន សូមរិះគន់បុគ្គលនោះចុះ សូមកុំម៉ៅទាំងអស់។
ជាមួយគ្នានេះ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានចាត់ទុកសកម្មភាពរបស់ MADAM.DA មានចេតនាទុច្ចរិត, បរិហារកេរ្តិ៍, ញុះញង់ឱ្យមានការរើសអើងប្រឆាំងនឹងអ្នកសារព័ត៌មាន ឬអ្នកកាសែត ហើយធ្វើឱ្យមហាជនទូទៅ បាត់បង់ជំនឿចិត្ត មកលើស្ថាប័នសារព័ត៌មាន ក៏ដូចជា ថ្នាក់ដឹកនាំ នៃក្រសួងព័ត៌មាន ផងដែរ។ សកម្មភាពបែបនេះ ជាទង្វើមួយមិនអាចអត់ឱនឱ្យឡើយ។ ដោយសារតែបញ្ហានេះ ទើបសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានសម្រេចដាក់ពាក្យបណ្ដឹង ស្នើសុំដល់ក្រសួងព័ត៌មាន មានចំណាត់ការតាមផ្លូវច្បាប់ លើម្ចាស់គណនី MADAM.DA៕