ខេត្តកោះកុង៖ បុរសស្រ្ដី២នាក់ប្ដីប្រពន្ធ បាននាំគ្នាទៅរកបេះផ្លែសំរង ស្រាប់តែជួបនឹងគ្រោះអកុសល ត្រូវបានដើមឈើរលំសង្កត់ស្លាប់ទាំង២នាក់ ហើយសពរបស់ជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធ ត្រូវបានគេប្រទះឃើញ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្រ្ដស្រុកបទុមសាគរ ខេត្តកោះកុង។
មន្រ្ដីនគរបាលស្រុកបូទុមសាគរ បានឱ្យដឹង ថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ អំពីករណីមនុស្ស២នាក់ស្លាប់នៅជិតគ្នា នៅចំណុចកើតហេតុនោះមក សមត្ថកិច្ចបានចុះទៅពិនិត្យ ហើយបានសន្និដ្ឋានជាជំហានដំបូង ថា ជនរងគ្រោះអាចស្លាប់ ដោយសារដើមសំរងរលំសង្កត់ ខណៈពួកគេបាននាំកាប់ដើមសំរង ដើម្បីបេះផ្លែរបស់វា។ ជនរងគ្រោះរងគ្រោះទាំង២នាក់ប្ដីប្រពន្ធនេះ គឺប្តីឈ្មោះ ឪ រិទ្ធ អាយុ ៣៧ឆ្នាំ និង ប្រពន្ធ ឈ្មោះ យ៉ាន់ សំភស់ អាយុ៤១ឆ្នាំ ហើយពួកគេទាំង២នាក់ មានទីលំនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង។
ក្រោយពេលពិនិត្យ និង ធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សពរបស់ជនរងគ្រោះ ទៅក្រុមគ្រួសារ និងសាច់ញាតិ ដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕