សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ បានបង្ហោះសារចែករំលែក នូវបទពិសោធន៍នៃការអប់រំកូនចៅ។
ចំណុចសំខាន់ៗ ដែលសម្តេចចែករំលែកមាន២ចំនុច ៖
ទី១៖ «ប្រើប្រាស់ភាពជិតស្និទ្ធ មើលថែពួកគេពីតូចៗរហូតដល់ធំ ទោះពួកគេមិនមានពេលច្រើន ជួបយើងទៀតក៏ដោយ»
ទី២៖ «សូមកុំលំអៀងឲ្យសោះត្រូវផ្តល់ការស្រឡាញ់ស្មើៗគ្នា កុំលើកមួយដាក់មួយ»។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពជាច្រេីនសន្លឹកជាមួយចៅៗតូច ហេីយភ្ញាប់ជាមួយខ្លឹមសារដូច្នេះថា «កាលពីចៅនៅតូចៗ គឺបែបនេះដណ្តើមគ្នាឲ្យតាព ឬអោប ដល់ធំឡើងបានមកត្រឹមក្បែរ។ នៅសល់ចៅទី២១ និង២២ គ្រាន់មកជិត និងថើបលោកតា។ ជិវិតមនុស្សកាន់តែចាស់កាន់តែឯកោ តែនេះជាក្រិត្យក្រមធម្មជាតិ ដែលជៀសមិនរួច »។
សម្តេចបានបន្តទៀតថា « ខ្ញុំអប់រំកូន និងចៅបែបនេះ គឺប្រើប្រាស់ភាពជិតស្និតមើលថែពួកគេពីតូចៗរហូតដល់ធំ ទោះពួកគេមិនមានពេលច្រើនជួបយើងទៀតក៏ដោយ។ វិន័យខ្ញុំប្រើតែជាមួយកូន តែមិនបានប្រើចំពោះចៅទេ។
ប្រសិនមានកូន និងចៅច្រើន សូមកុំលំអៀងឲ្យសោះត្រូវផ្តល់ការស្រឡាញ់ស្មើៗគ្នា កុំលើកមួយដាក់មួយ ដែលនេះ គឺជាចំណែកតូចមួយនៃជោគជ័យក្នុងការអប់រំកូន និងចៅរបស់ខ្ញុំ»៕