ខេត្តកណ្ដាល៖ បុរសកំណាចម្នាក់ បានបើករថយន្ដស៊េរីទំនើប ដេញបំបុកអ្នកជិះម៉ូតូ២នាក់ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ និង ២១នាទីយប់ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោមការចោទប្រកាន់ ពីបទប៉ុនប៉ងមនុស្សឃាត ដោយចេតនា។
លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល បានឱ្យដឹងថា សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កាលពីយប់ ថ្ងៃទី៨ ខែ មេសា ឆ្នាំ ២០២៥ បានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ សែម វិចទ័រ អាយុ៣៨ឆ្នាំ ពីបទប៉ុនប៉ងមនុស្សឃាត។ បន្ទាប់មក សមត្ថកិច្ច បានវាស់ជាតិអាល់កុលទៅលើបុរសម្នាក់នេះ ហើយបានរកឃើញ មានកម្រិតជាតិស្រវឹង លើសពីច្បាប់កំណត់។
បើតាមការបញ្ជាក់របស់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ គឺនេះមិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍នោះទេ។ ប៉ុន្តែវាជាករណីប៉ុនប៉ងមនុស្សឃាត ដោយចេតនា ហើយសមត្ថកិច្ចនឹងមិនអាចអត់ឱនឲ្យឡើយ។
ជនសង័្សយ ឈ្មោះ សែម វិចទ័រ បានសារភាព ថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្ត ម៉ាកហ្វដ ពណ៌ស ពាក់ស្លាកលេខ 2AY-6536 ចេញពីស្តុបស្ពានព្រែកហូរ ឆ្ពោះទៅទិសខាងកើត។ លុះពេលគាត់បានបើករថយន្ដ មកជិតដល់ស្តុបកាកបាទក្រហមខេត្តកណ្ដាល ស្រាប់តែមានមនុស្ស២នាក់ ជិះម៉ូតូ១គ្រឿង មកគោះរថយន្ដរបស់គាត់ ទើបធ្វើឲ្យគាត់ខឹងសម្បា ហើយបានបើករថយន្តដេញបំបុកតែម្ដងទៅ។
ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបានបញ្ជូនជនសង័្សយ ទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមច្បាប់។ ដោយឡែក ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យ៕