យុវជនម្នាក់ចេញពីបាត់ដំបង ទៅធ្វើការនៅត្រពាំងផ្លុង ត្រូវឃាតកសម្លាប់

08-មេសា-2025 - ម៉ោង 09:20:AM

ខេត្តត្បូងឃ្មុំ៖ យុវជនម្នាក់ ត្រូវបានគេរាយកាណ៍ ថា បានកាត់ចេញពីខេត្តបាត់ដំបង ទៅរកការងារធ្វើ នៅខេត្តត្បូងឃ្មុំ ហើយត្រូវបានអ្នកភូមិប្រទះឃើញសព បង្កការភ្ញាក់ផ្អើល និង រាយការណ៍ទៅសមត្ថកិច្ច កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នៅភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

មន្រ្ដីនគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹង ថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ អំពីករណីមនុស្សស្លាប់បែបនេះភ្លាម សមត្ថកិច្ចចម្រុះ រួមមាន៖ កម្លាំងនគរបាលមូលដ្ឋាន មន្រ្ដីនគរបាលជំនាញស្រុក មន្រ្ដីការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការគ្នា ចុះទៅពិនិត្យ និង ធ្វើកោសល្យវិច័យ។ ជាលទ្ធផល សមត្ថកិច្ចបានសន្និដ្ឋាន ថា នេះជាករណីឃាតកម្ម។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹង ថា នៅលើសពរបស់ជនរងគ្រោះ សមត្ថកិច្ចបានរកឃើញមានស្នាមរបួស នៅត្រង់ក្បាលផ្នែកខាងឆ្វេង ទើបសន្និដ្ឋាន ថា នេះជាករណីឃាតកម្ម។ ប៉ុន្ដែរហូតមកដល់វេលានេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកពញាក្រែក និង កម្លាំងប៉ុស្តិ៍រដ្ឋបាលត្រពាំងផ្លុង នៅមិនទាន់អាចកំណត់អត្តសញ្ញាណរបស់ជនល្មើសបាននៅឡើយ។ សមត្ថកិច្ចបានដាក់ការសង័្សយ ថា ជនល្មើសអាចមានគ្នាប្រហែល៣ទៅ៤នាក់។ ចំពោះមូលហេតុ នៃការអំពើឃាកម្មនេះ មិនទាន់ដឹងថា តើបណ្ដាលមកពីអ្វីឱ្យពិតប្រាកដនៅឡើយ។

សមត្ថកិច្ចមូលដ្ឋាន បានបន្ត ថា ជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណ ហើយមានស្នាមរបួសក្បាលផ្នែកខាងឆ្វេង ស្លៀកខោខូវប៊យ ពណ៌ខៀវ ពាក់អាវសាច់ក្រណាត់ដៃខ្លី ផ្កាពណ៌ប្រផេះ មានកម្ពស់១,៧០ម៉ែត្រ និង មានសម្បុរស្រអែម។

ប្រភពដដែល បានបន្ថែម ថា កាលពីវេលាម៉ោង៦ និង ៥០នាទីព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥មន្រ្ដីប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងផ្លុង បានទទួលព័ត៌មានពីលោកមេភូមិត្រពាំងផ្លុង២ ថា ពលរដ្ឋបានប្រទះឃើញសពរបស់បុរសម្នាក់ នៅតាមផ្លូវលំក្រាលក្រួសក្រហម នៅចំណុចស្ពានអន្លង់ផ្លុង ស្ថិតក្នុងភូមិត្រពាំងផ្លុង២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ប៉ុន្ដែក្រោយការស្រាវជ្រាវរួចមក ព័ត៌មានចុងក្រោយ ទើបទទួលបាន ថា ជនរងគ្រោះ ឈ្មោះ រៀម ដាវីត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ហើយត្រូវបានសាច់ញាតិ មកទទួល នៅយប់ ថ្ងៃទី៦ ខែមេសា ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត។

ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ និង សាច់ញាតិ សង្ឃឹមយ៉ាងមុតមាំ ថា ជនដៃដល់ នឹងមិនអាចគេចផុតពីសំណាញ់ច្បាប់បាននោះឡើយ ព្រោះឥឡូវ សមត្ថកិច្ចជំនាញពាក់ព័ន្ធ កំពុងតែស្រាវជ្រាវ តាមចាប់ខ្លួនក្រុមឃាតក នាំមកផ្ដន្ទាទោសតាមច្បាប់៕

ពត័មានពេញនិយម