ពោធិ៍សាត់៖ ស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា ស្ថិតក្នុងគម្រោងផ្លូវជាតិលេខ១០ កំពុងសម្រុកការងារអ៊ុតកៅស៊ូ (AC) និងត្រៀមបញ្ចប់ការសាងសង់ទាំងស្រុងនាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម។
ស្ពានដែលមានកម្ពស់ ៩០ ម៉ែត្រ ប្រវែងសរុប ៥៣៧ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ នេះ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នការសាងសង់សម្រេចបានស្ទើរតែ ១០០% ហើយ។
លោក ផន រឹម បានបញ្ជាក់បន្ថែមថា ក្រៅពីការងារអ៊ុតកៅស៊ូ ក្រុមការងារនៅសល់ការងារបន្ទាប់បន្សំមួយចំនួនទៀត ដូចជា ការងារបង្កាន់ដៃ របារសុវត្ថិភាព គំនូសចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ចំណាំងផ្លាត និងភ្លើងបំភ្លឺជាដើម។
តាមគម្រោង ស្ពានដ៏សំខាន់នេះនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរជាប្រក្រតី ក្រោយការបញ្ចប់ការសាងសង់ស្ថាពរ នាអំឡុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យធ្វើដំណើរដោយសុខសុវត្ថិភាព និងរីករាយជាមួយសមិទ្ធផលជាតិថ្មីនេះ។