យុវជនវ័យក្មេងម្នាក់ជាប់ពន្ធនាគារចំនួន២លើក ចេញមកវិញមិនកែខ្លួន ជាប់គុក​ជាថ្មី

21-មេសា-2025 - ម៉ោង 11:37:AM

 

ខេត្តកណ្តាល៖ យុវជនម្នាក់ទើបនឹងមានអាយុ២២ឆ្នាំ បែរជាមិនព្រមខិតខំប្រឹងប្រែង រកស៊ីប្រកបរបរស៊ីដោយសុចរិត បែរប្រព្រឹត្ដរបរខុសច្បាប់ រហូតធ្វើឲ្យខ្លួនជាប់ពន្ធនាគារ ចំនួន២លើក ហើយមិនព្រមកែប្រែខ្លួនឲ្យក្លាយជាមនុស្សល្អ បន្ដប្រកបរបរចាស់វិញ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនញាត់គុកសាជាថ្មី កាលពីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នៅក្នុងភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកស្អាង បានឱ្យដឹង ថា នៅមុនពេលឃាត់ខ្លួន សមត្ថកិច្ចបានទទួលសេចក្ដីរាយការណ៍ ពីជនរងគ្រោះ មកថា មានជនសង័្សយម្នាក់ បានចូលទៅលួចម៉ូទ័របូបទឹក នៅក្នុងចម្ការរបស់គាត់ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។ បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ សមត្ថកិច្ចបានចុះទៅស្រាវជ្រាវ ហើយបានសាកសួរជនរងគ្រោះ និង ប្រជាពលរដ្ឋ ទើបកំណាត់បានអត្ដសញ្ញាណរបស់ជនសង័្សយ ព្រមទាំងឃាត់ខ្លួនតែម្ដង។

ប្រភពដដែល បានបន្ដ ថា ជនសង័្សយ ឈ្មោះ មិន សាន់ ហៅ ស៊ឺ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ជនសង័្សយម្នាក់នេះ មានសារធាតុញៀន នៅក្នុងខ្លួន ហើយធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន២លើក ដោយក្នុងនោះលើកទី១ ជាប់គុករយៈពេល១ឆ្នាំ និង ៦ខែ ពីករណីលួចមាន់ និង លើកទី២ ជាប់គុក រយៈពេល៨ខែ ពីករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង័្សយ បានសារភាព ថា បន្ទាប់ពីរូបគេបានចេញពីពន្ធនាគារមកវិញ បានលួចម៉ូទ័របូមទឹកចំនួន១គ្រឿង និង លួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋចំនួន៧លើក។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង័្សយ និង វត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង បញ្ជូនជនសង័្សយទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕

ពត័មានពេញនិយម