រាជធានីភ្នំពេញ៖ សមត្ថកិច្ចចម្រុះ បានការសង័្សយ ពីការបង្កប់សេវាផ្លូវភេទ ទើបឆ្មក់ចូលបង្ក្រាប និង ឃាត់ខ្លួនមនុស្សប្រុស-ស្រីជាច្រើននាក់ កាលពីវេលាម៉ោង១០ និង៣៥នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅក្នុងភោជនីយដ្ឋានត្នោតផ្អែម តាមផ្លូវបេតុងប្របផ្លូវរថភ្លើង ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
មន្រ្តីនគរបាលពោធិ៍សែនជ័យ បានឲ្យដឹង ថា ក្រោយពេលមានសេចក្ដីរាយការណ៍ អំពីភោជនីដ្ឋាន«ត្នោតផ្អែម» មានការសង័្សយ ពីការលួចលាក់បង្កសេវាបម្រើផ្លូវភេទនោះមក សមត្ថកិច្ចបានដាក់កម្លាំងជំនាញ សហការជាមួយកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យ ចុះស្រាវជ្រាវ។ លុះមកដល់វេលាកើតហេតុ សមត្ថកិច្ច និង អាជ្ញាធរបានឆ្មក់ចុះបង្រ្កាបជាក់ស្តែង និង ឃាត់ខ្លួនមនុស្សប្រុស-ស្រី ជាច្រើននាក់ ហើយបានដកហូតសម្ភារផ្សេងៗមួយចំនួន។
ក្រោយពេលបង្ក្រាបរួច សមត្ថកិច្ចបានបញ្ជូនបុរស និងនារី ជាច្រើននាក់ រួមមានវត្ថុតាង ទៅកាន់អគ្គស្នងការដ្ឋាននគបាលជាតិ ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធី។ ដោយឡែក អ្នកមិនជាប់ពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ៕