រាជធានីភ្នំពេញ៖ នារីម្នាក់បាននាំបបួលប្អូនស្រីរបស់ខ្លួន ទៅផឹកស៊ីជាមួយនឹងសង្សារ ហើយបានចាកចេញទៅមុនជាមួយមនុស្សសំណព្វរបស់ខ្លួន ដូចផ្ដល់ឱកាសល្អ ដល់បុរសល្មោភកាមម្នាក់ ដឹកប្អូនស្រីចូលព្រៃ វាយតប់រហូតទ្រមខ្លួន និង បានចាប់រំលោភសេពសន្ថវៈ រហូតបានសម្រេច ថែមទាំងប្លន់យកទូរស័ព្ទរបស់នារីរងគ្រោះ គេចខ្លួនបាត់ ហើយទើបមានគេប្រទះឃើញនារីរងគ្រោះ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងម៉ោង៤ និង៥៥នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅក្នុងភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
បើតាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹង ថា កាលពីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បងស្រីរបស់នារីរងគ្រោះបានបបួលប្អូនស្រី ទៅផឹកស៊ីជាមួយនឹងសង្សាររបស់នាង នៅម្ដុំផ្លូវចោមចៅ។ លុះពេលទៅដល់កន្លែងផឹកស៊ីនោះ ក៏មានបុរសម្នាក់ទៀត ជាមិត្តភក្ដិរបស់សង្សារបងស្រីរបស់នារីរងគ្រោះ។ ប៉ុន្ដែក្រោយពេលផឹកស៊ីចប់ សង្សាររបស់បងស្រីនារីរងគ្រោះ បានដឹកបងស្រីរបស់នាង ទៅមុន ហើយទុកឲ្យបុរសកំហូចម្នាក់ ជាមិត្តភក្ដិរបស់សង្សារបងស្រីនារីរងគ្រោះ បើកម៉ូតូដឹកទៅតាមក្រោយ។
ប្រភពដដែល បានបន្ដ ថា បន្ទាប់ពីដឹកនារីរងគ្រោះ ចាកចេញពីកន្លែងផឹកស៊ីរួចហើយ ជនល្មោភកាមម្នាក់នេះ បានដឹកនារីរងគ្រោះ បម្រុងចូលផ្ទះសំណាក់ តែនារីរងគ្រោះមិនព្រម។ លុះជនសង័្សយបានល្បួងលួងលោមនារីរងគ្រោះអស់ចិត្តហើយ នៅតែនាងមិនព្រម ទើបគេបន្ដដឹកនារីរងគ្រោះ ចូលទៅក្នុងព្រៃស្ងាត់ ហើយបានចាប់វាយនាង រហូតទ្រមខ្លួន និង បានចាប់រំលោភនាង រហូតបានសម្រេច ហើយបានប្លន់យកទូរស័ព្ទមួយគ្រឿងរបស់នាង គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ ក្រុមរថយន្តសង្គ្រោះរបស់អង្គភាព៧១១ នៃកងពលតូចលេខ៧០ បានដឹកនារីរងគ្រោះ បញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ហៅ«មន្ទីរសង្ឃពេទ្យ»។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែស្រាវជ្រាវ ស្វែងរកឃាត់ខ្លួនជនសង័្សយ នាំមកចាត់ការតាមច្បាប់៕