រាជធានីភ្នំពេញ៖ ស្រីស្អាតម្នាក់ បានបើករថយន្ដយ៉ាងលឿន រេចង្កូតខុសផ្លូវ ហោះរំលងសួនច្បារ វិះធ្លាក់ចូលបឹង បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ និង ២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមេសាឆ្នាំ ២០២៥ នៅតាមផ្លូវ៥០ម៉ែត្រ នៅក្បែរភោជនីយដ្ឋានដៃអូន ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅពេលកើតមានគ្រោះថ្នាក់ចរាចរណ៍នោះ មានស្រីស្អាតម្នាក់ បានបើករថយន្ដ ម៉ាកហាយឡែនដឺរ ពាក់ស្លាកលេខ ភ្នំពេញ 2BK-6538 យ៉ាងលឿនតាមបណ្ដោយផ្លូវ៥០ម៉ែត្រ។ លុះពេលគាត់បានបើករថយន្ដមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ដបានរេចង្កូតខុសផ្លូវ វិះធ្លាក់ចូលបឹង និង បុកជញ្ជាំងផ្ទះរបស់អ្នកភូមិ។ ប៉ុន្ដែសំណាងល្អ មិនបានឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ។
ក្រោយពេលកើតហេតុ អ្នកបើកបរ បានទុករថយន្តចោល ហើយគេចចេញពីកន្លែងកើតហេតុ៕