សហភាពអឺរ៉ុប នៅតែ​​រឹតបន្ដឹងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្សី រហូតដកទ័ពទាំងស្រុងចេញពីអ៊ុយក្រែន

ម្សិលមិញ ម៉ោង 09:00:AM

ទីក្រុងប៊្រុសសែលស៍ (Brussels)៖ រហូតមកដល់ពេលនេះ សហភាពអឺរ៉ុប ដែលមានសមាជិកចំនួន២៧ប្រទេស បានបញ្ជាក់ អំពីគោលជំហរយ៉ាងម៉ឺងម៉ាត់របស់ខ្លួន មិនព្រមធ្វើតាមការណែនាំរបស់សហរដ្ឋអាមេរិក ក្រោមរដ្ឋការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ជំរុញឲ្យទទួលស្គាល់ឧបទ្វីបគ្រីមៀ (Crimea) ដែលរដ្ឋាភិបាលក្រុងមូស្គូ បានរឹបអូសពីប្រទេសអ៊ុយក្រែន ដោយគ្មានការបង្ហូរឈាម កាលពីអំឡុងឆ្នាំ២០១៤នោះឡើយ ហើយប្លុកលោកសេរីមួយនេះ បានបន្ថែមនូវការរឹតបន្ដឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់ខ្លួន ប្រឆាំងនឹងរុស្ស៊ី ល្គឹកណា ក្រុងមូស្គូ ដកកម្លាំងទាហានរបស់ខ្លួនទាំងស្រុង ចេញពីទឹកដីទាំងអស់របស់អ៊ុយក្រែន។

សារព័ត៌មានពហុភាសាអាហ្វ្រិក Africa News មានមូលដ្ឋាននៅទីក្រុងលីយ៉ុង (Lyon) ប្រទេសបារាំង បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ថា គណៈកម្មការអឺរ៉ុប បានបញ្ជាក់ម៉ឺងម៉ាត ថា ឧបទ្វីបគ្រីមៀ ជាទឹកដីរបស់អ៊ុយក្រែន។ ការលើកឡើងរបស់សហភាពអឺរ៉ុប បានកើតឡើង ក្រោយពេលមានរបាយការណ៍មួយបានលើកឡើង ថា សហរដ្ឋអាមេរិក បានបង្ហាញសំណើថ្មីមួយដល់រដ្ឋាភិបាលក្រុងកៀវ និង ក្រុងមូស្គូ ដែលនឹងអាចមើលឃើញ ចំពោះការទទួលស្គាល់ឧបទ្វីបគ្រីមៀរ ដែលក្រុងមូស្គូ បានរឹបអូសដោយខុសច្បាប់ ពីប្រទេសអ៊ុយក្រែន កាលពីអំឡុងឆ្នាំ២០១៤ ជាទឹកដីរបស់រុស្ស៊ី។

បើតាមសារព័ត៌មាន Axios (អាស៊ីយ៉ូស) និង បណ្ដាញសង្គមតេឡេក្រាម បានឲ្យដឹង ថា ឯកសារកម្រាស់មួយទំព័រ ដែលត្រូវបានបែកធ្លាយនោះ ក៏បានរាប់បញ្ចូលទាំងការទទួលស្គាល់នូវការពិត ទៅលើដែនដីស្ទើរតែទាំងអស់ ដែលរុស្ស៊ី បានវាយលុកដណ្ដើមកាន់កាប់ នៅក្នុងអំឡុងសង្គ្រាមឈ្លានពានទ្រង់ទ្រាយធំរបស់ក្រុងមូស្គូ មកលើប្រទេសអ៊ុយក្រែន ជាទឹកដីរបស់រុស្ស៊ី រួមមាន៖ តំបន់ដូណែតស្ក៍ (Donetsk), តំបន់ឃើសុន (Kherson), តំបន់ហ្សាប៉ូរីស្យា (Zaporizhzhia) និង តំបន់លូហានស្ក៍ (Luhansk)ស្ទើរទាំងមូល។


ដោយឡែក រដ្ឋាភិបាលក្រុងប៊្រុសសែលស៍ (Brussels) នៃសហភាពអឺរ៉ុប បានបញ្ជាក់យ៉ាងច្បាស់ កាលពីថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ថា សហភាពអឺរ៉ុប នឹងមិនធ្វើតាមការដឹកនាំរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលបានគូសវាសឲ្យមានគម្លាតកាន់តែឆ្ងាយ រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងប៊្រុសសែលស៍ ខណៈប្រទេសអ៊ុយក្រែក កំពុងតែស្ថិតក្នុងសង្រ្គាមនោះឡើយ។

ទន្ទឹមគ្នានេះដែឬ អ្នកនាំពាក្យ គណៈកម្មការអឺរ៉ុប បានបញ្ជាក់ ថា៖«យើងស្វាគមន៍តែចំពោះរាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ ដោយគោរពទៅតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ សម្រាប់នាំយកសន្តិភាព មកជូនដល់ប្រទេសអ៊ុយក្រែន តែប៉ុណ្ណោះ។ សហភាពអឺរ៉ុប នឹងគូសវាសលក្ខខណ្ឌ សម្រាប់គោលការណ៍សន្តិភាពដ៏ត្រឹមត្រូវ និង យូរអង្វែង សម្រាប់អ៊ុយក្រែន។ ទោះជាស្ថិតក្នុងស្ថានការណ៍បែបណាក៏ដោយ ក៏យើងនៅតែឈរនៅជាមួយអ៊ុយក្រែន ជានិច្ច ដើម្បីការគាំទ្រដល់អធិបតេយ្យភាព ឯករាជភាព និង បូរណភាពទឹកដីរបស់អ៊ុយក្រែន។ យើងសូមប្រកាន់ខ្ជាប់នូវគោលជំហរយ៉ាងច្បាស់លាស់របស់យើង គឺឧបទ្វីបគ្រីមៀ ជាទឹកដីរបស់អ៊ុយក្រែន»។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ នៅមុនកិច្ចចរចាសន្ដិភាព នៅរាជធានីឡុងដ៍ ចក្រភពអង់គ្លេស ថា៖«ប្រទេសរបស់យើង នឹងមិនទទួលយកនូវកិច្ចព្រមព្រៀងណាមួយ ដើម្បីទទួលស្គាល់ ចំពោះការដណ្ដើមកាន់កាប់ដោយខុសច្បាប់របស់រុស្ស៊ី មកលើទឹកដីរបស់អ៊ុយក្រែន នោះឡើយ។ ដូច្នេះយើងមិនមានអ្វីត្រូវចរចា លើករណីនេះឡើយ ព្រោះការចរចាបែបនេះ ជាការរំលោភបំពាន ទៅលើរដ្ឋធម្មនុញ្ញរបស់អ៊ុយក្រែន។ ទឹកដីទាំងអស់នេះ ជាទឹកដីរបស់យើង ហើយក៏ជាទឹកដីរបស់ប្រជាជនអ៊ុយក្រែនផងដែរ»។

គណៈកម្មការអឺរ៉ុប ដែលជាអ្នករៀបចំទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងរុស្ស៊ី និង កំពុងតែត្រួតពិនិត្យនូវការអនុវត្តលើទណ្ឌកម្មរបស់ខ្លួន ប្រឆាំងនឹងរុស្ស៊ី បានបញ្ជាក់ជាថ្មី កាលពីថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ថា សហភាពអឺរ៉ុប មិនមានការព្យួរ ឬលើកលែងទណ្ឌកម្មណាមួយ ដល់ប្រទេសរុស្ស៊ី នោះឡើយ។

ស្របគ្នានេះដែរ អ្នកនាំពាក្យ គណៈកម្មការអឺរ៉ុប បានសង្កត់ធ្ងន់ ថា៖«ការបញ្ចប់នូវការឈ្លានពានដោយគ្មានការញញើត និង អយុត្តិធម៌របស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន និង ការដកទ័ពរុស្ស៊ី ទាំងស្រុង ដោយគ្មានលក្ខខណ្ឌ ចេញពីទឹកដីអ៊ុយក្រែនទាំងអស់ ទើបអាចនឹងក្លាយជាលក្ខខណ្ឌដ៏សំខាន់មួយ សម្រាប់ធ្វើឲ្យសហភាពអឺរ៉ុប ពិចារណាឡើងវិញ លើការកែប្រែ ឬដកទណ្ឌកម្មសេដ្ឋកិច្ច ចេញពីប្រទេសរុស្ស៊ី»៕

ពត័មានពេញនិយម