រាជធានីភ្នំពេញ៖ បុរសទំនងជាទើបនឹងចេញពីផឹកស្រវឹង បានជិះម៉ូតូមិនគោរពភ្លើងស្តុប ហើយជ្រុលទៅ បុកម៉ូតូមួយគ្រឿង បែរជាបង្កជម្លោះ កើតទៅជាការប្រទូសរ៉ាយដាក់គ្នា រហូតផ្អើលដល់សមត្ថកិច្ចចុះទៅធ្វើអន្ដរាគមន៍ កាលពីវេលាម៉ោង១០ និង ៣៥នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៥ ស្ថិតនៅត្រង់ចំណុចភ្លើងស្តុបទួលពង្រ តាមផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹង បានជិះម៉ូតូម៉ាកហុងដាឌ្រីមតែម្នាក់ឯង។ លុះពេលគាត់បានធ្វើដំណើរមកដល់កើតហេតុ បែរជាមិនគោរពភ្លើងស្ដុប ហើយបន្ដដំណើរទៅមុខ ជ្រុលទៅបុកមួយគ្រឿងផ្សេងទៀត ដែលកំពុងតែបើកឆ្លងផ្លូវ បណ្ដាលឲ្យខូចខាតបន្ដិចបន្ដួច។ ប៉ុន្ដែអ្នកជិះម៉ូតូបង្ក មិនព្រមដោះស្រាយគ្នាតាមសម្រួលនោះឡើយ បែរជាបង្កជម្លោះប្រទូសរ៉ាយដាក់គ្នាទៅវិញទៅមក។
ក្រោយពេលកើតហេតុភ្លាមៗនោះ សមត្ថកិច្ចបានចុះទៅធ្វើអន្ដរាគមន៍ នាំភាគីទាំង២ ទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីសាកសួរ និង សម្របសម្រួល ហើយដោះស្រាយគ្នាតាមនីតិវិធី៕