ក្រុមចារកម្មរុស្ស៊ី ចាប់ខ្លួនអតីតឧកញ៉ា ហេង សិទ្ធី បញ្ជូនត្រឡប់មកកម្ពុជា

7 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើមោឃភាពលើលិខិតឆ្លងដែនរបស់អតីតឧកញ៉ា ហេង សិទ្ធី កាលពីពេលថ្មីៗកន្លងមកនេះ ក្រុមចារកម្មរបស់ក្រុងមូស្គូ បានឃាត់ខ្លួនគាត់ នៅតាមព្រំដែនរបស់ប្រទេសរុស្ស៊ី ហើយបានបញ្ជូនគាត់តាមយន្តហោះ វិលត្រឡប់មកកាន់ប្រទេសកម្ពុជា វិញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។

ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បានចេញលិខិតមួយ ផ្ញើទៅជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីអំពីការប្រកាសមោឃភាពលើលិខិតឆ្លងដែនធម្មតារបស់អតីតឧកញ៉ា ហេង សិទ្ធី ក្រោមហេតុផល ថា អតីតឧកញ៉ារូបនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឱ្យចាប់ខ្លួន ពីបទគំរាមកំហែងហែកកេរ្តិ៍ មានស្ថានទម្ងន់ទោស។

ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរកម្ពុជា កាលពីចុងខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ បានស្នើទៅកាន់ប៉ូលិសអន្តរជាតិអាំងទែប៉ូល (Interpol) សុំឱ្យដាក់ឈ្មោះអតីតឧកញ៉ា ហេង សិទ្ធី នៅក្នុងសេចក្តីជូនដំណឹងក្រហម ឬ និវេតក្រហម ដើម្បីតាមចាប់ខ្លួន។

ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានចេញលិខិតផ្ញើជូនទៅកាន់ស្ថានទូតខ្មែរប្រចាំនៅក្រៅប្រទេសទាំងអស់ ប្រកាសអំពីមោឃភាពលើលិខិតឆ្លងដែនធម្មតារបស់អតីតឧកញ៉ា ហេង សិទ្ធី ស្របពេលសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឱ្យចាប់ខ្លួនគាត់៕

ពត័មានពេញនិយម