បញ្ជូនអ្នកបើករថយន្ដ បុកឪពុកកូនប្រុសស្រី៣នាក់ស្លាប់ ម្ដាយដាច់ជើងម្ខាង ទៅតុលាការ

13-មករា-2025 - ម៉ោង 11:24:AM

រាជធានីភ្នំពេញ៖ ក្រោយពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រថយន្ដបុកអ្នកជិះម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ និង កូនប្រុសស្រី២នាក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និង ស្រ្ដីម្នាក់រងរបួសដាច់ជើងម្ខាងនោះមក សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនអ្នកបើករថយន្ដបង្ក ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹង កាលពីរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ថា អ្នកបើកបររថយន្តបង្ក ឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅក្នុងភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្រោយការឃាត់ខ្លួនរួចមក មន្រ្ដីជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនអ្នកបើកបររថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យជនរងគ្រោះចំនួន៣នាក់ស្លាប់ រួមមាន ឪពុក និង ប្រុសស្រីតូចៗចំនួន២នាក់ផ្សេងទៀត និងស្រ្តីម្នាក់ជាប្រពន្ធ រងរបួសធ្ងន់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចោទប្រកាន់តាមផ្លូវច្បាប់ កាលពីរសៀល ថ្ងៃទី១២ ខែមករា។

សូមរម្លឹកឡើងវិញ ថា កាលពីវេលាម៉ោង៥ និង៣៥នាទីល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅត្រង់ចំណុចលើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តម៉ាក TOYOTA TACOMA PICK UP ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BS-1023 បើកបុកម៉ូតូ ម៉ាក HONDA CLICK ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1II- 2330 បណ្តាលឲ្យជនរងគ្រោះឪពុក និង កូនតូចៗសរុប៣នាក់បាត់បង់ជីវិត និង ស្រ្តីម្នាក់ត្រូវជាប្រពន្ធ រងរបួសធ្ងន់ ដោយដាច់ជើងម្ខាង៕

ពត័មានពេញនិយម