គណបក្សក្រៅរដ្ឋាភិបាល៖ ក្រុមទណ្ឌិតក្បត់ជាតិបីជំនាន់យកឃាតកម្មលើលោក លឹម គឹមយ៉ា ធ្វើជា​អាជីវកម្មកេងចំនេញនយោបាយ ដើម្បីទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល

ម្សិលមិញ ម៉ោង 12:32:PM

គណបក្សនយោបាយក្រៅរដ្ឋាភិបាលនៅកម្ពុជាបានលើកឡើងថា ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី និងគ្នីគ្នា​នៅ​ក្រៅ​ប្រ​ទេស​កំពុងទាញផលប្រយោជន៍ពីការស្លាប់របស់លោក លឹម គីមយ៉ា អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិដែលមានកូតាពីខាងលោក កឹម សុខា ខណៈដែលពួកគេ​ព្យាយាម​ចោទ​ប្រកាន់​ និងទម្លាក់កំហុសទៅលើមន្រ្តីរាជរដ្ឋាភិបាលដោយគ្មានមូលដ្ឋាន។

 

លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយបានថ្លែងថា៖«ករណីសាកសពលោក លឹម គឹមយ៉ា​នេះ គឺសម រង្ស៊ី កំពុងកេងចំនេញផ្នែកនយោបាយ ធ្វើអាជីវកម្មដ៏អាក្រក់មួយ។ ក្នុងរឿងនេះ រាជ​រដ្ឋាភិបាល ក៏កំពុងយកចិត្តទុកដាក់តាមដានក្រុមលោក សម រង្ស៊ី ដែល​តែង​តែ​យក​សាក​សព​ជន​រងគ្រោះ មកធ្វើអាជីវកម្ម ដើម្បីទទួលបានផលចំនេញខាងនយោបាយ ហើយ​ដាក់​បន្ទុក​មក​លើ​រាជ​រដ្ឋាភិបាល»។

លោកបន្តថា៖«យើងឃើញថា សម រង្ស៊ី ជាមនុស្សម្នាក់ដែលស្អប់លោក លឹម គឹមយ៉ា​ពីមុន​មក​នោះ តែគាត់ហ៊ានផុសវីឌីអូឃាតកម្មនៅលើផេករបស់គាត់ ដើម្បីធ្វើអាជីវកម្មនយោបាយ និង​ដើម្បី​ទម្លាក់​កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា។ នេះសបញ្ជាក់ថា លោក សម រង្ស៊ី ជាអ្នក​នយោបាយ​ដែលគ្មានសីលធម៌ ព្រោះទង្វើសម រង្ស៊ី មិនដែលចូលចិត្តនឹងលោក គឹមយ៉ានោះទេ»។

ក្នុង​ករណីឃាតកម្មទៅលើបុគ្គលនយោបាយ ឬបុគ្គលសំខាន់ៗដែលជះឥទ្ធិពលខ្លាំងទៅលើសង្គម និង​នយោបាយរបស់ប្រទេសជាតិ ដូចករណីឃាតកម្មលើលោក លឹម គឹមយ៉ា នេះជាដើម។ លោក គុជ លី បានចោទជាសំនួរមួយថា«តើអ្នកណាទទួលផលចំណេញពីរឿងនេះ?» ព្រោះ​ការ​ជួល​ឃាតករ​សម្លាប់មនុស្សជារឿងធំ និងប្រថុយប្រថានខ្លាំងណាស់។ ដូច្នេះទាល់​តែ​មាន​ផល​ចំណេញ​ធំ ទើបគេហ៊ានសម្រេចចិត្តធ្វើទៅរួច។

លោកបន្ថែមថា រដ្ឋាភិបាលគ្មាន​ផល​ចំណេញ​អ្វី​ទាល់​តែ​សោះ​ចំពោះ​ករណី​ឃាតកម្ម​ទៅ​លើ​អ្នក​នយោបាយ​ប្រឆាំង ដូចករណីលោក លឹម គឹមយ៉ា។ មិនត្រឹមតែមិនចំណេញ តែទទួលការខាត​បង់​ធំ​ធេង​ពីព្រោះ បើមានឃាតកម្មទៅលើអ្នកនយោបាយប្រឆាំង ច្បាស់ណាស់ថា មតិមហាជន​ច្បាស់​ជា​សង្ស័យទៅលើបក្សកាន់អំណាចដែលជាគូបដិបក្ខរបស់ជនរងគ្រោះ។

ជាក់ស្តែង គ្រាន់តែរឿងនេះកើតភ្លាម ក្រុមប្រឆាំងដែលមានលោក សម រង្ស៊ី ជាមេដឹកនាំ​បាន​ចោទ​ប្រកាន់​ភ្លាម​ៗដោយគ្មានសំចៃមាត់ បើទោះបីជាសមត្ថកិច្ច និងតុលាការមិន​ទាន់​បាន​បង្ហាញ​លទ្ធផល​នៃ​ការស៊ើបអង្កេតណាមួយក៏ដោយ។

ពត័មានពេញនិយម