បុរសម្នាក់ មកទាន់ប្រពន្ធកំពុងដេកនៅជាមួយសហាយ

6 ម៉ោងមុន

រាជធានីភ្នំពេញ៖ បុរសម្នាក់ បានមកដល់បន្ទប់ជួល ស្រាប់តែឃើញប្រពន្ធរបស់ខ្លួន កំពុងតែដេកនៅជាមួយនឹងសហាយ ធ្វើឲ្យគេកើតការឈឺចាប់ស្ទើរគាំងបេះដូងស្លាប់ បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកស្នាក់នៅក្បែរខាង និង បានរាយការណ៍ទៅសុំអន្ដរាគមន៍ពីសមត្ថកិច្ច កាលពីវេលាម៉ោង៥ភ្លឺ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបុរសជាប្តី បានឲ្យដឹង ថា គាត់ និង ប្រពន្ធរបស់គាត់ បានរួមរស់នៅជាមួយគ្នា ចាប់តាំងពីឆ្នាំ២០២១ រហូតមក ដោយមិនបានរៀបការ ឬ មានការសែនព្រេនអ្វីនោះឡើយ។ ប៉ុន្ដែពួកគាត់ទាំង២នាក់ បានបង្កើតបានកូនស្រីម្នាក់ ទើបនឹងមានអាយុជាង១ឆ្នាំ សម្រាប់ទុកជាចំណងដៃស្នេហា។ លុះមកដល់ថ្ងៃកើតហេតុ គាត់ទើបតែមកពីក្រៅ ស្រាប់តែឃើញប្រពន្ធរបស់គាត់ កំពុងតែដេកនៅជាមួយប្រុសសហាយដេក នៅក្នុងបន្ទប់។

ប្រភពដដែល បានបន្ដ ថា ឃើញបែបនេះ គាត់បានចាក់សោទ្វារពីខាងក្រៅ ហើយរាយការណ៍ទៅសុំអន្ដរាគមន៍ពីសមត្ថកិច្ច។ ស្របគ្នានោះដែរ ក៏មានបុរសម្នាក់ សង្ស័យជាមិត្តភក្តិប្រុសសហាយរបស់ប្រពន្ធគាត់ បានដកកាំភ្លើង ចេញពីចង្កេះ គំរាមមកលើគាត់ ហើយបានវាយបំបែកសោទ្វារ ដើម្បីរំដោះសហាយរបស់ប្រពន្ធរបស់គាត់ចេញទៅបាត់ ដោយបានបន្សល់ទុកតែប្រពន្ធគាត់ និង កូន នៅក្នុងបន្ទប់ជួល។

បុរសដដែលនេះ បានបន្ថែម ថា គាត់បានសង័្សយ អំពីប្រពន្ធរបស់គាត់ បានលួចមានសហាយ អស់រយៈពេលជាយូរមកហើយ តែគាត់មិនមានភស្ដុតាង ទើបមិនមាត់ក ព្រោះតាមមិនទាន់ជាក់ស្តែង ហើយលើកនេះ គាត់បានតាមទាន់តែម្ដង។ ដូច្នេះ គាត់សុំតែយកកូនស្រីទៅមើលថែតែប៉ុណ្ណោះ ហើយគាត់លែងខ្វះ ពីរឿងប្រពន្ធរបស់គាត់ហើយ បើទោះជានាងមានសហាយ ក៏មានចុះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើអន្ដរាគមន៍ដល់ទីតាំងកើតហេតុ ហើយរង់ចាំនៅព្រឹកឡើង ទើបមន្ត្រីសាលាសង្កាត់ កោះហៅភាគីទាំងសងខាង ទៅកាន់សាលាសង្កាត់ ដើម្បីដោះស្រាយគ្នាបន្តទៀត។ ប៉ុន្ដែក្រោយពេលអាជ្ញាធរបានសម្របសម្រួលចប់សព្វគ្រប់រួចមក ភាគីឪពុកម្តាយទាំងសងខាង បានផ្តិតមេដៃលើក្រដាសកិច្ចសន្យា ដោយបានសម្រេចបញ្ចប់ទំនាក់ទំនងរបស់ពួកគេជាប្ដីប្រពន្ធ តាមសន្តិវិធី៕

ពត័មានពេញនិយម