ឃាត់ខ្លួនក្មេងទំនើងបន្ថែមទៀត ពាក់ព័ន្ធនឹងកាប់បំផ្លាញម៉ូតូ នៅមុខផ្សារច្បារអំពៅ

6 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រោយពេលក្រុមក្មេងពាលបង្កការអុកឡុក កាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះ ចំនួន២គ្រឿងនោះមក សមត្ថកិច្ចខណ្ឌច្បារអំពៅ បានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង័្សយ ជាបន្ដបន្ទាប់ សរុប៥ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹង ថា កាលពីវេលាម៉ោង៩ និង ៣០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ មានករណីក្មេងទំនើងមួយក្រុម បានកាប់បំផ្លាញម៉ូតូរបស់យុវជនប្រុសស្រីចំនួន២គ្រឿង ខណៈជនរងគ្រោះទាំង២នាក់ មកទិញស្លាបមាន់ និង អង្គុយលេង នៅមុខផ្សារច្បារអំពៅ តាមផ្លូវលេខ៣៦៩ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បន្ទាប់ពីសេចក្ដីរាយការណ៍អំពីករណីក្មេងទំនើងបានដើរបង្កការអុកឡុកបែបនេះភ្លាម គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និង កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ម្នាក់ និង បក្ខពួកចំនួន៤នាក់ផ្សេងទៀត កាលពីរសៀល ថ្ងៃទី១៤ ខែមករា។ រីឯជនដៃដល់នៅក្នុងអំពើហិង្សានេះឈ្មោះ ប៉ាវ ស៊ីណា។ ចំណែកម៉ូតូទាំង២គ្រឿង ដែលត្រូវបានក្មេងទំនើងទាំងនេះកាប់បំផ្លាញ រួមមាន៖ ម៉ូតូម៉ាក Honda Scoopy ពណ៌ក្រហម និង ម៉ូតូ Beat បានបណ្តាលឲ្យខូចខាតផ្នែកខាងមុខ និង កុងទ័រម៉ូតូ ប៉ុន្តែពុំបណ្តាលឱ្យជនរងគ្រោះ ជាបើកបរម៉ូតូរងរបួសនោះទេ។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបាននាំខ្លួនជនសង័្សយទាំង៥នាក់ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធី ហើយបន្ដតាមច្បាប់ខ្លួនបក្ខពួករបស់ពួកគេ ដែលនៅសេសសល់៕

ពត័មានពេញនិយម