ក្មេងពាលជិត១០នាក់ កាប់បំផ្លាញម៉ូតូចំនួន២គ្រឿង នៅផ្សារច្បារអំពៅ

ម្សិលមិញ ម៉ោង 02:36:PM

រាជធានីភ្នំពេញ៖ ក្មេងពាលមួយក្រុម មានគ្នាជិត១០នាក់ ប្រដាប់ដោយដាវ និង កាំបិត បានជិះម៉ូតូជាច្រើនគ្រឿងមកដល់ ឃើញមនុស្សប្រុសស្រី២នាក់ កំពុងតែអង្គុយលេង ក៏កាប់បំផ្លិចបំផ្លាញម៉ូតូរបស់ជនរងគ្រោះចំនួន២គ្រឿង ហើយបានគេចនាំគ្នា គេចខ្លួនបាត់អស់ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅមុខផ្សារច្បារអំពៅ ផ្លូវលេខ៣៦៩ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឱ្យដឹង ថា នៅមុនពេលកើតមានអំពើហិង្សានោះ មានយុវជនប្រុសស្រី ចំនួន២នាក់ បានជិះម៉ូតូចំនួនពីរគ្រឿង ហើយក្នុងនោះមួយគ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌សលាយខៀវ និង មួយគ្រឿងទៀត ម៉ាកហុងដា ស្កូពី ពណ៌ក្រហម បានចេញពីផ្ទះ ទៅរកទិញស្លាបមាន់ នៅមុខផ្សារច្បារអំពៅ។ បន្ទាប់ពីពួកគេបានទិញរួចហើយ ក៏បាននាំគ្នាអង្គុយលេង ស្រាប់តែលេចមុខក្មេងទំនើងមួយក្រុម មានគ្នាប្រហែលជិត១០នាក់ ប្រដាប់ដោយដាវ និង កាំបិត បានជិះម៉ូតូជាច្រើនគ្រឿងមកដល់ ក៏កាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះទាំង២គ្រឿង បណ្តាលឲ្យខូចខាត។ ភ្លាមៗនោះ ក្រុមក្មេងពាលទាំងនោះ បាននាំគ្នាជិះម៉ូតូ គេចខ្លួនបាត់អស់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ ហើយបានណែនាំដល់ម្ចាស់ម៉ូតូទាំងពីរនាក់ ឲ្យយកម៉ូតូដែលរងការខូចខាតទាំង២គ្រឿង ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ ដើម្បីដាក់ពាក្យបណ្ដឹង ស្នើសុំឲ្យមន្រ្ដីនគរបាល ជួយធ្វើអន្ដរាគមន៍ ស្រាវជ្រាវតាមឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះ នាំមកចាត់ការតាមច្បាប់៕

ពត័មានពេញនិយម