តុលាការ សម្រេចចោទប្រកាន់លើអ្នកបើករថយន្ដបង្ក បុកមនុស្សមួយគ្រួសារស្លាប់-របួស៤នាក់

ម្សិលមិញ ម៉ោង 10:48:AM

រាជធានីភ្នំពេញ៖ ក្រោយពេលកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បង្កឡើងដោយរថយន្ដមួយគ្រឿង បុកគ្នាជាមួយនឹងម៉ូតូមួយគ្រឿង បណ្ដាលឲ្យឪពុក និង កូនប្រុសស្រីតូចៗ សរុប៣នាក់បាត់បង់ជីវិត ហើយម្ដាយបានដាច់ជើងម្ខាងរួចមក ឥឡូវតុលាការរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជាផ្លូវការ លើអ្នកបើកបររថយន្ដបង្ក កាលពីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ ថា តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ទៅលើអ្នកបើកបររថយន្តបង្ក ឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ៤៤ឆ្នាំ ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យអ្នកដទៃស្លាប់ និង របួស តាមបទប្បញ្ញត្តិ មាត្រា៨៣ កថាខណ្ឌទី២ ចំណុចខ និង គ និងមាត្រា៨៥ កថាខណ្ឌទី២ ចំណុច ខ និង គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និង បញ្ជូនសំណុំរឿងនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមរម្លឹកឡើងវិញ ថា កាលពីវេលាម៉ោង៥ និង ៣៥នាទីល្ងាច ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅតាមផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចប្រសព្វគ្នា ជាមួយនឹងផ្លូវបេតុងមួយខ្សែ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ហេតុការណ៍ដ៏រន្ធត់នេះ បានបង្កឡើង ដោយរថយន្ដមួយគ្រឿង ម៉ាក Toyota Tacoma ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BS-1023 បើកបរយ៉ាងលឿន បុកបុរសម្នាក់ កំពុងតែបើកម៉ូតូ ម៉ាក Honda Click ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ III-2330 ដឹកប្រពន្ធ និង កូនប្រុសស្រីតូចៗ២នាក់ បញ្ច្រាសទិសគ្នា បណ្ដាលឲ្យបុរសជាឪពុក និង កូនប្រុសស្រីរបស់ពួកគេ សរុប៣នាក់បាត់បង់ជីវិត ខណៈស្រ្ដីជាប្រពន្ធរងរបួសដាច់ជើងម្ខាង។

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើកបររថយន្ដបង្កភ្លាមៗ និង វាស់កម្រិតជាតិអាល់កុល នៅក្នុងខ្លួន រកឃើញមានកម្រិត០.៤៦ Mg/L។ បន្ទាប់មក មន្រ្ដីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។ រីឯជនរងគ្រោះ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ រួមមាន៖ អ្នកបើកបរម៉ូតូ ឈ្មោះ ហេង រតនា អាយុ២៩ឆ្នាំ និង កូនប្រុសស្រីតូចៗរបស់គាត់ចំនួន២នាក់ផ្សេងទៀត ដែលរួមដំណើរជាមួយគ្នាបានស្លាប់ ខណៈប្រពន្ធរបស់គាត់ ឈ្មោះ នន ចន្ទលក្ខណា អាយុ២៤ឆ្នាំ រងរបួសធ្ងន់។ បច្ចុប្បន្ន ជនត្រូវចោទ ជាអ្នកបើកបររថយន្តបង្ក កំពុងស្ថិតក្នុងដំណាក់កាលចៅក្រម ស៊ើបសួរបន្តទៀត៕

ពត័មានពេញនិយម