គ្រោះរញ្ជួយដី វាយប្រហារ ទៅលើប្រទេសជប៉ុន

ម្សិលមិញ ម៉ោង 09:42:AM

រាជធានីតូក្យូ៖ គ្រោះរញ្ជួយដីដ៏ខ្លាំង មានកម្រិត៦,៨រ៉ិចទ័រ បានវាយប្រហារទៅលើតំបន់ភាគនិរតីរបស់ប្រទេសជប៉ុន កាលពីយប់ ថ្ងៃចន្ទ ទី១៣ ខែមករា ហើយអាជ្ញាធរ បានប្រកាសអាសន្ន អំពីរលកស៊ូណាមិតូចៗកម្រិតទី២ នៅក្នុងតំបន់ តែគ្រោះធម្មជាតិនេះ មិនមានសេចក្ដីរាយការណ៍ អំពីការបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរនោះឡើយ។

ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ ថា បើតាមទីភ្នាក់ងារវាស់ស្ទង់ភូមិសាស្រ្ដរបស់សហរដ្ឋអាមេរិក បានឲ្យដឹង ថា គ្រោះរញ្ជួយដីនេះ ត្រូវបានគេរកឃើញ នៅចម្ងាយប្រហែល១៨គីឡូម៉ែត្រ ពីតំបន់គ្យូស៊ី (Kyushi) កាលពីវេលាម៉ោង៩ និង១៩នាទីយប់ ថ្ងៃចន្ទ ទី១៣ ខែមករា វេលាក្នុងតំបន់។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានព្រមានបឋម អំពីរលកយក្សស៊ូណាមិ ដែលអាចនឹងធ្វើឲ្យទឹករលកមានកម្ពស់ រហូតដល់១ម៉ែត្រ និង បានជំរុញឱ្យសាធារណជន នៅឱ្យឆ្ងាយពីឆ្នេរសមុទ្រ។

ស្របគ្នានេះដែរ ទីភ្នាក់ងារអាកាសធាតុ ក៏បានរាយការណ៍ ថា បើទោះជាយ៉ាងណាក៏ដោយ រលកយក្សស៊ូណាមិតូចៗជាច្រើន ដែលមានទំហំត្រឹមតែ២០សង់ទីម៉ែត្រ ត្រូវបានគេរកឃើញ នៅកំពង់ផែក្នុងតំបន់ផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ជប៉ុន បានរាយការណ៍ ថា គ្រោះរញ្ជួយដីនេះ បានបង្កឲ្យមានការខូចខាតបន្តិចបន្តួចតែប៉ុណ្ណោះ រួមមាន ខូចបង្អួចនៅតាមស្ថានីយរថភ្លើង និង ធ្លាក់វត្ថុមួយចំនួនពីលើធ្នើរ នៅក្នុងហាងផ្សេងៗទៀត។

ជាមួយគ្នានេះដែរ ទូរទស្សន៍អន្ដរជាតិរបស់ជប៉ុន NHK បានរាយការណ៍ ថា មានបុរសម្នាក់ បានរងរបួសស្រាល បន្ទាប់ពីគាត់បានធ្លាក់ពីលើផ្ទះរបស់គាត់៕

ពត័មានពេញនិយម