ភ្នំពេញ ៖ ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៃកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានប្រកាសយកមន្ត្រីពីក្រសួងយុត្តិធម៌, ក្រសួងការបរទេស និងក្រសួងការពារជាតិ ទៅកាន់គណៈកម្មការជំនាញព្រឹទ្ធសភា ដើម្បីពង្រឹងនូវផ្នែកនានា ក្នុងព្រឹទ្ធសភា។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ ក្នុងឱកាស អញ្ជើញដឹកនាំសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ដើម្បីពិនិត្យ និងអនុម័តសេចក្តីស្នើសុំវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។
សម្តេចតេជោ មានប្រសាសន៍ថា សម្ដេចនឹងទាញយកសមាជិករដ្ឋាភិបាលមួយចំនួន មកកាន់ព្រឹទ្ធសភា សំដៅចូលរួមចំណែក ដើម្បីពង្រឹងនូវផ្នែកនានា ទាក់ទិនជាមួយនឹងខាងច្បាប់, កិច្ចការបរទេស និងយោធា និងទទួលបានព័ត៌មានមួយចំនួនអំពីរាជរដ្ឋាភិបាលផងដែរ។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណសមាជិក-សមាជិកា នៃព្រឹទ្ធសភា ដែលបានគាំទ្រសម្រាប់កែប្រែនេះ ហើយបន្ទាប់ពីនេះសម្ដេចបានស្នើឱ្យឲ្យអគ្គលេខាធិការ រៀបចំការបោះពុម្ព និងសូមសំណូមពរ ឲ្យមានការបោះពុម្ព ទាំងភាសាជាតិ និងភាសាបរទេសផងដែរ៕