រាជធានីភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ បានអនុម័តគម្រោងវិនិយោគ សរុប៤១៤គម្រោង ជាមួនឹងទុនវិនិយោគ មានទំហំទឹកប្រាក់ សរុប៦,៩ពាន់លានដុល្លារអាមេរិក។
នៅក្នុងចំណោមគម្រោងទាំង៤១៤គម្រោងនោះ មានគម្រោងវិនិយោគថ្មីចំនួន៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន២៧គម្រោង ដោយមានទុនវិនិយោគ សរុប៦,៩ពាន់លានដុល្លារអាមេរិក។ គម្រោងវិនិយោគទាំងនេះ អាចបង្កើតការងារបានប្រហែលជិត៣២ម៉ឺនកន្លែង។ គម្រោងវិនិយោគទាំង៤១៤ គម្រោង គឺគម្រោងវិនិយោគ មានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន២៦៤គម្រោង និង គម្រោងវិនិយោគ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ចំនួន១៥០គម្រោង។
ការអនុម័តគម្រោងវិនិយោគ នៅឆ្នាំ២០២៤ មានការកើនឡើងចំនួន១៤៦គម្រោង ខណៈទុនវិនិយោគ មានការកើនឡើង ប្រហែលជិត២ពាន់លានដុល្លារអាមេរិក ស្មើនឹងជិត ៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ ហើយក្នុងនោះគម្រោងពង្រីកផលិតកម្ម បានកើនឡើងពី២១គម្រោង ដល់២៧គម្រោង។ នៅក្នុងអំឡុងដូចគ្នានេះ វិស័យឧស្សាហកម្ម នៅតែបន្តលេចធ្លោជាងគេ ដោយបានស្រូបទាញគម្រោងវិនិយោគ ចំនួន៣៩៤គម្រោង ស្មើនឹងប្រហែល៩៥ភាគរយ នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគ នៅក្នុងវិស័យនេះ មានប្រមាណ ៤,៨ ពាន់លានដុល្លារអាមេរិក ដោយបានចូលរួមចំណែកចំនួន៦៩ភាគរយ នៃទុនវិនិយោគសរុប និង មានកំណើនដល់ទៅប្រមាណ ១១០ភាគរយ បើធៀបនឹងឆ្នាំ២០២៣។
ដោយឡែក វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានចំនួន៨គម្រោង ជាមួយទុនវិនិយោគសរុបជាង ១២១លានដុល្លារអាមេរិក ស្មើនឹង២ភាគរយ, វិស័យទេសចរណ៍ មានចំនួន៤គម្រោង ជាមួយនឹងទុនវិនិយោគ សរុប៧៣៨លានដុល្លារអាមេរិក ស្មើនឹង១១ភាគរយ, វិស័យហេដ្ឋារចនាសម្ព័ន្ធ និង វិស័យផ្សេងៗទៀត មានគម្រោងវិនិយោគ ចំនួន៨គម្រោង ជាមួយនឹងទុនវិនិយោគ សរុបជាង ១,៣ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រហែល១៨ភាគរយ នៃទុនវិនិយោគសរុប។
នៅក្នុងឆ្នាំ២០២៤ កន្លងមកនេះ ការបោះទុនវិនិយោគ មកពីសាធារណរដ្ឋប្រជាមានិត នៅតែស្ថិតក្នុងលំដាប់លេខ១ ដោយមានចំនួន៥០ភាគរយ, ការបោះទុនក្នុងស្រុករបស់កម្ពុជា ស្ថិតនៅលំដាប់លេខរៀងទី២ ជាមួយនឹងទុនវិនិយោគ ចំនួន៣៤ភាគរយ និង វៀតណាមស្ថិតនៅលំដាប់លេខរៀងទី៣ ជាមួយនឹងទុនវិនិយោគប្រហែល៨ភាគរយ៕