សហជីព និងប្រជាពលរដ្ឋថា ការយកការស្លាប់របស់ លោក លឹម គិមយ៉ា ចោទមករដ្ឋាភិបាលជារឿងខុសទំនង ព្រោះបុគ្គលនេះគ្មានឥទ្ធិពលនយោបាយអ្វីនៅកម្ពុជា  

6 ម៉ោងមុន

 

សហជីពនៅកម្ពុជា និងប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់មិនដែលស្គាល់ ឬលឺឈ្មោះលោក លឹម គឹមយ៉ា ដែលជាអតីតតំណាងរាស្រ្តអតីតគណបក្សសង្រ្គោះជាតិ នៅក្នុងឆាកនយោបាយនោះទេ ហើយក៏មិនមែនជាមនុស្សដែលមានឥទ្ធិពលក្នុងការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចដែរ។

លោក តែប តុន អនុប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC)បានថ្លែងថា៖«ខ្ញុំមិនដែលស្គាល់ឈ្មោះ លឹម គឹមយ៉ានេះទេ ខ្ញុំទើបតែស្គាល់ក្នុងអំឡុងពេលដែលគាត់ត្រូវបានគេធ្វើឃាតនៅស្រុកថៃ ហើយក្រុមជ្រុលនិយមសម រង្ស៊ី លើកយកមកនិយាយដដែលៗ ហាក់ដូចជាកំពុងយកសាកសពលឹម គឹមយ៉ានេះ មកធ្វើជាអាជីវកម្មនយោបាយរបស់ខ្លួនទៅវិញ»។
លោកបន្តថា៖«ខ្ញុំក៏សូមចូលរួមរំលែកទុក្ខនៃក្រុមគ្រួសារសពគាត់ផង តែបុគ្គលជ្រុលនិយមមួយចំនួនដូចជា សម រង្ស៊ី នេះជាដើម សូមកុំយកសាកសពគាត់មកធ្វើអាជីវកម្មនយោបាយ ហើយរឿងនេះនៅស្រុកថៃ ឱ្យតុលាការស្រុកថៃដោះស្រាយទៅ រីឯយើងជនជាតិខ្មែរនេះ សូមកុំលើកដាក់ ទម្លាក់កំហុសឱ្យទៅក្រុមណាមួយ។ រឿងនេះ រាជរដ្ឋាភិបាល គ្មានចំណេញអីទេ ខ្ញុំជឿថា រាជរដ្ឋាភិបាលនឹងមិនមានពាក់ព័ន្ធអ្វីទេ»។

លោក តែប តុន បានចោទសួរយ៉ាងសាមញ្ញមួយថា តើរដ្ឋាភិបាលមានការចាំបាច់អ្វីដែលត្រូវជួលមនុស្សឱ្យធ្វើឃាតលោក លឹម គីមយ៉ា? ដោយឈរលើទឡ្ហីករណ៍ទាំងប៉ុន្មាននេះ លោកមើលមិនឃើញទាល់តែសោះថា រដ្ឋាភិបាលត្រូវជួលមនុស្សឱ្យធ្វើឃាតលោក លឹម គីមយ៉ា។
លោកបានយល់ឃើញថា បើក្រឡេកមើលមកក្រុមប្រឆាំងឯណោះវិញ គឺមានផលចំណេញច្រើនយ៉ាងដែលអាចទាញយកពីករណីឃាតកម្មលើលោក លឹម គីមយ៉ា។ ជាក់ស្តែង ការចោទទម្លាក់កំហុសទៅលើរាជរដ្ឋាភិបាល ត្រូវបានលោក សម រង្ស៊ី និងគូកនធ្វើឡើងភ្លាមៗ ក្រោយពីអំពើឃាតកម្មបានកើតឡើង។ និយាយពីលោក លឹម គីមយ៉ា នេះទៀតសោត លោកក៏មិនមែនជាគូបដិបក្ខអ្វីជាមួយគណបក្សកាន់អំណាចដែរ។
លោក ទុយ កុសល ជាប្រជាពលរដ្ឋរស់នៅភ្នំពេញបាននិយាយថា៖«អត់ស្គាល់គាត់ដែរ បង ! ខ្ញុំទើបតែលឺឈ្មោះគាត់អំឡុងពេលដែលគេបាញ់គាត់នៅបាំងកក ប្រទេសថៃ ហើយក្រុមបក្សប្រឆាំងក្រៅប្រទេសលើកមកនិយាយតៗគ្នា។ ខ្ញុំគិតថា ក្រុមប្រឆាំងព្យាយាមយកសំណុំរឿងនេះធ្វើជាឈ្នន់នយោបាយ ដើម្បីបន្តបោកប្រាស់ពលរដ្ឋ»។
លោកបន្ថែមថា មហាជនទូទៅមិនដែលបានលឺឈ្មោះ និងមិនដែលបានស្គាល់លោក លឹម គីមយ៉ាទាល់តែសោះ។ ដូច្នេះរដ្ឋាភិបាលគ្មានការចាំបាច់ត្រូវជួលមនុស្សឱ្យធ្វើឃាតលោក លឹម គីមយ៉ានោះទេ ហើយក៏មិនឃើញពីសញ្ញាណាមួយដែលរាជរដ្ឋាភិបាលជួលមនុស្សឱ្យធ្វើឃាតនោះដែរ។


ចំណែកពលរដ្ឋម្នាក់ទៀតលោក ឡេវ សំអាន រស់នៅខេត្តកណ្ដាលបាននិយាយថា៖«ខ្ញុំបានឃើញព័ត៌មានគេផ្សាយដែរជុំវិញការបាញ់សម្លាញ់លោក លឹម គឹមយ៉ានេះ ខ្ញុំអត់ដែលស្គាល់ឈ្មោះគាត់ផង។ ខ្ញុំទើបតែលឺឈ្មោះគាត់ប៉ុន្មានថ្ងៃដែរហ្នឹង។ ខ្ញុំអ្នកតាមដាននយោបាយដែរ តែដូចជាមិនដែលស្គាល់ឈ្មោះគាត់ផង»។

លោក ឈឿន គង្គា ពលរដ្ឋរស់នៅភ្នំពេញបាននិយាយថា៖«ខ្ញុំក៏មិនធ្លាប់លឺឈ្មោះគាត់ជាអ្នកធ្វើនយោបាយនៅកម្ពុជា។ ខ្ញុំគិតថា សំណុំរឿនេះ ខាងក្រុមជ្រុលនិយមយករឿងនេះធ្វើជាអាជីវកម្មនយោបាយ ចង់បានប្រជាប្រិយពីសាកសពលោក លឹម គឹមយ៉ា។ ក្នុងនាមជាពលរដ្ឋខ្មែរដូចគ្នា ខ្ញុំសូមរំលែកទុក្ខក្រុមគ្រួសារគាត់ តែសូមក្រុមជ្រុលនិយមឈប់យកទុក្ខសោកនេះទៅកេងចំនេញនយោបាយរបស់ខ្លួន»។


គួររំឭកថា លោក លឹម គឹមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកកប្រទេសថៃ។ មួយថ្ងៃក្រោយមក ខ្មាន់កាំភ្លើងជាជនជាតិថៃដែលជាអតីតទាហានជើងទឹកថៃ ត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួន បន្ទាប់ពីបានរត់គេចចូលខេត្តបាត់ដំបង ប្រទេសកម្ពុជា។ 
ចំណែកជនសង្ស័យទី២ ត្រូវបានសមត្ថកិច្ចថៃកំណត់អត្តសញ្ញាណថា ជាជនជាតិខ្មែរ ដែលពាក់ព័ន្ធនឹងឃាតកម្មលោក លឹម គឹមយ៉ា។ ហេតុការណ៍បាញ់ប្រហារនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់បក្សប្រឆាំងនៅក្នុងប្រទេសថៃ ក្នុងការដាក់សម្ពាធទៅលើកាន់អំណាចដឹកនាំរដ្ឋាភិបាលថៃ៕

ពត័មានពេញនិយម