ខេត្តបាត់ដំបង៖ ក្រោយពេលម្ចាស់គណនីមួយ បានប្រកាស អំពីការបាត់កូនតូចម្នាក់ នៅតាមបណ្ដាញសង្គមហ្វេសប៊ុករួចមក សមត្ថកិច្ចខេត្តបាត់ដំបង បានសហការគ្នា ស្រាវជ្រាវ រហូតរកឃើញសពរបស់កុមារនោះ កាលពីវេលាម៉ោង៤ និង ៣០នាទីល្ងាច ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នៅក្នុងទឹកស្ទឹងសង្កែ ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
មន្រ្ដីនគរបាលខេត្តបាត់ដំបង បានឲ្យដឹង ថា កាលពីថ្ងៃទី១៤ ខែមករា មានម្ចាស់គណនីហ្វេសប៊ុក ឈ្មោះហេង ហៃផេង បានសរសសេរបង្ហោះ នៅលើគណនីរបស់គាត់ អំពីការបាត់កូនរបស់គាត់ ដែលជាសិស្ស រៀននៅសាលាគរថ្លង់ សម្រាប់ក្មេងមានបញ្ហាខាងស្មារតី នៅសង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង។ បន្ទាប់ពីទទួលបានព័ត៌មានបែបនេះ សមត្ថកិច្ចពាក់ព័ន្ធរបស់ខេត្តបាត់ដំបង បានចុះទៅសាកសួរព័ត៌មាននេះ ពីអាណាព្យាបាល និង អ្នកនៅជុំវិញកន្លែងដែលក្មេងនោះរស់នៅ។
ប្រភពព័ត៌មានដដែល បានបន្ដ ថា បន្ទាប់ពីសាកសួរដឹងហេតុការណ៍តាមដំណើររឿងរួចហើយ ទើបនៅវេលាម៉ោង៤ និង ៧នាទីល្ងាច ថ្ងៃទី១៤ ខែមករា សមត្ថកិច្ចបានសហការជាមួយអាណាព្យាបាល និង អ្នកពាក់ព័ន្ធមួយចំនួនទៀត បានចុះទៅពិនិត្យមើល នៅតាមដងស្ទឹងសង្កែ ព្រោះមានការសង័្សយ អំពីក្មេងប្រុសនេះ អាចនឹងលង់ទឹក។ លុះមកដល់វេលាម៉ោង៤ និង ៣០នាទីល្ងាចថ្ងៃដដែលនោះ សមត្ថកិច្ចបានរកឃើញសពរបស់ក្មេងតូចនេះ នៅក្នុងទឹកស្ទឹងសង្កែ។
ក្រោយពេលរកឃើញហើយ សមត្ថកិច្ចបានប្រគល់សពរបស់កុមារតូចនេះ ទៅក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ក្រោយការយំសោកស្ដាយពីអាណាព្យាបាល៕