រាជធានីភ្នំពេញ៖ យុវជនម្នាក់ បានបើកម៉ូតូឌុបបងថ្លៃស្រី ទៅធ្វើការ លុះពេលត្រឡប់មកវិញ ស្រាប់តែជួបនឹងគ្រោះអកុសល ដួលបោកក្បាល នៅលើស្ពាន បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង១០នាទីព្រលប់ ថ្ងៃទី១២ ខែ មករា ឆ្នាំ ២០២៥ នៅលើស្ពានព្រែកព្នៅ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បងស្រីរបស់ជនរងគ្រោះ បានឲ្យដឹង ថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ ប្អូនប្រុសរបស់គាត់បានបើកម៉ូតូឌុបគាត់ ចេញពីបន្ទប់ជួល នៅម្តុំរង្វង់មូលអប្សរា ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ហើយឆ្លងស្ពានព្រែកព្នៅ នៅក្នុងទិសដៅពីលិចទៅកើត ដើម្បីទៅធ្វើការ។ លុះពេលប្អូនបានជិះម៉ូតូត្រឡប់មកវិញ ក៏ជួបនឹងគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់ នៅលើស្ពាន។
សមត្ថកិច្ច បានឲ្យដឹង ថា ករណីនេះ សមត្ថកិច្ចសង័្សយ ជនរងគ្រោះបានជិះម៉ូតូលឿន ដួលបោកក្បាល នៅលើស្ពាន បណ្តាលឲ្យជនរងគ្រោះរបួសពេញខ្លួនប្រាណ ហើយស្លាប់យ៉ាងអាណោចអាធ័ម។ ជនរងគ្រោះ ឈ្មោះ ទេព សំណាង អាយុ ២០ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅសង្កាត់ឡកំប៉ោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ហើយមានស្រុកកំណើតនៅ ឃុំស្វាយតងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង ទាក់ទងទៅក្រុមគ្រួសារ មកទទួលយកសពរបស់ជនរងគ្រោះ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕