ម៉ាឡេស៊ី ជម្លៀសមនុស្សរាប់ពាន់នាក់ ចេញពីគ្រោះទឹកជំនន់

ម្សិលមិញ ម៉ោង 09:42:AM

រាជធានីគួឡាឡាំពួរ៖ អាជ្ញាធរម៉ាឡេស៊ី បានជម្លៀសប្រជាពលរដ្ឋ ជាង៣០០០នាក់ ចេញពីតំបន់រងគ្រោះដោយសារទឹកជំនន់ ខណៈនាយកដ្ឋានឧតុនិយមរបស់ព្រះរាជាណាចក្រអាស៊ានមួយនេះ បានព្យាករ អំពីភ្លៀងនឹងបន្ដធ្លាក់ខ្លាំង ជាមួយនឹងលទ្ធភាពបង្កឲ្យកើតមានគ្រោះទឹកជំនន់ នៅតាមស្រុកផ្សេងៗទៀត រួមទាំងស្រុកបាទូផាហាត (Batu Pahat) និង មើរសីង (Mersing) ផងដែរ។

ទូរទស្សន៍របស់សិង្ហបុរី Channel News Asia បានផ្សាយ កាលពីថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥ ថា ចំនួនមនុស្សរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ នៅក្នុងរដ្ឋចូហ័រ (Johor) នាភាគខាងត្បូង នៃសឧបទ្វីបម៉ាឡេ បានកើនឡើងដល់ជាង៣០០០នាក់ គិតត្រឹមព្រឹក ថ្ងៃអាទិត្យ (ទី១២ ខែមករា)។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NADMA) របស់ប្រទេសម៉ាឡេស៊ី បានបញ្ជាក់ នៅក្នុងរបាយការណ៍របស់ខ្លួន ថា ប្រជាពលរដ្ឋ ចំនួន ៣ ២៩៥នាក់ ដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់នេះ មានចំនួន៩៦០គ្រួសារ។ ជនរងគ្រោះទាំងនេះ មាននៅក្នុងស្រុកកូតាទីងហ្គី (Kota Tinggi), ស្រុកគូឡៃ (Kulai), ស្រុកជូហ័របារូ (Johor Bahru), គ្លួង (Kluang) និង ផុនធៀន (Pontian)។

សារព័ត៌មាន The New Straits Times ក៏បានរាយការណ៍ ថា នាយកដ្ឋានឧតុនិយមរបស់ម៉ាឡេស៊ី បានព្យាករ ថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្តទៀត ហើយអាចនឹងមានគ្រោះទឹកជំនន់ នៅក្នុងស្រុកផ្សេងៗទៀត រួមទាំង ស្រុកបាទូផាហាត (Batu Pahat) និង មើរសីង (Mersing) ផងដែរ។

ជាមួយគ្នានេះដែរ សារព័ត៌មានជាភាសាអង់គ្លេសរបស់ម៉ាឡេស៊ី The Star ក៏បានរាយការណ៍ផងដែរ ថា គ្រោះទឹកជំនន់នេះ បានឆក់យកជីវិតរបស់បុរសចំនួន៣នាក់ ខណៈរថយន្ដរបស់ពួកគេ បានហូរទៅតាមទឹកជំនន់ កាលពីល្ងាច ថ្ងៃសៅរ៍ ទី១១ ខែមករា៕

ពត័មានពេញនិយម