រាជធានីភ្នំពេញ៖ ស្របពេលអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅតែថមថយ ហើយក្លាយក្ដីព្រួយបារម្ភយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនោះ ឯកឧត្ដម ឃួង ស្រេង បានដាក់បទបញ្ជាដល់មន្រ្ដីនគរបាលជំនាញ ត្រូវតែចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត សម្រាប់អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បានបញ្ជាដល់មន្រ្ដីនគរបាលចរាចរណ៍ ផាកពិន័យដល់អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ និង បើកលើសល្បឿនកំណត់ ខណៈឯកឧត្ដមបានដឹកនាំក្រុមមន្ត្រីជំនាញ និង អាជ្ញាធរដែនដី ចុះត្រូតពិនិត្យ និង សិក្សាអំពីស្ថានភាពផ្លូវ៦០ម៉ែត្រ ដើម្បីរកមធ្យោបាយធ្វើយ៉ាងណា ដើម្បីឱ្យផ្លូវ៦០ម៉ែត្រ កាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍។ ការចុះត្រួតពិនិត្យកំណត់ផ្លូវ៦០ម៉ែត្រនេះ ក៏មានការចូលរួមពីឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និង មន្រ្ដីជំនាញពាក់ព័ន្ធជាច្រើនទៀត។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖«ក្រោយការត្រួតពិនិត្យជាក់ស្ដែងរួចមក ក្រសួងសាធារណការនិងដឹកជញ្ជូន និង រដ្ឋបាលរាជធានីភ្នំពេញ បានឯកភាពគ្នាសម្រេចបង្កើនកម្លាំងនគរបាលជំនាញ ដើម្បីរឹតបន្តឹងដល់ការផាកពិន័យ ចំពោះអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ និង បើកបរលើសល្បឿនកំណត់ នៅលើកំណត់ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ដរបស់ខណ្ឌមានជ័យ និង ខណ្ឌដង្កោ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ ថា៖ ការងាររបស់មន្ទីរសាធារណការ ត្រូវតែគូសគំនូសសញ្ញាចរាចរណ៍ជាថ្មី និង ដាក់ភ្លើងស្តុបថ្មី និងដាក់ចំណាំងផ្លាតនៅលើផ្លូវ៦០ម៉ែត្រនេះបន្ថែមទៀត ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ និង ផ្ដល់ភាពងាយស្រួលដល់ប្រជាជន ធ្វើដំណើរ ទាំងពេលយប់ និង ពេលថ្ងៃ។ រីឯការបំពាក់កាមេរ៉ាសុវត្ថិភាព និង ការដាក់ស្លាកសញ្ញាកំណត់ល្បឿន នឹងចាប់ផ្ដើមពីភ្លើងស្តុបមែរសឺដែស រហូតដល់ស្ពានអាកាស «មរតកតេជោ» ដោយអាចបើកបរ នៅក្នុងល្បឿន៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចាប់ពីផ្លូវជាតិលេខ២ មកដល់ភ្លើងស្តុបមែរសឺដែស គឺកំណត់ល្បឿន៦០គីឡូម៉ែត្រ នៅក្នុងមួយម៉ោង។
ស្របគ្នានេះដែរ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និង លោកអភិបាលរាជធានីភ្នំពេញ បានចែកមួកសុវត្ថិភាព ជួនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានឆ្លើយសំណួរត្រឹមត្រូវ ពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផងដែរ។ ទន្ទឹមគ្នានេះ ឯកឧត្ដមអភិបាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ ដោយពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ចៀសវាងនូវហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។
សូមជម្រាប ថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ចំនួនពីរករណី បានកើតឡើងផ្ទួនៗគ្នា ដោយបានបណ្ដាលឱ្យមនុស្សចំនួន៤នាក់ បាត់បង់ជីវិត នៅលើកំណត់ផ្លូវ៦០ម៉ែត្រនេះ៕