រថយន្ដហ្ស៊ីបស៊េរីទំនើប បើកលឿន បុករបាំងថ្មឡើងគងពីលើ

8 ម៉ោងមុន

រាជធានីភ្នំពេញ៖ រថយន្ដហ្ស៊ីបស៊េរីទំនើបមួយគ្រឿង បានបើកបរយ៉ាងលឿន កាត់ភ្លៀងកំពុងតែធ្លាក់ បណ្ដាលឲ្យជ្រុលចង្កូតទៅលើរបាំងថ្មពុះចែកផ្លូវ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅជិតស្ពានអាកាសក្បាលថ្នល់ តាមមហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់បានបើកករថយន្តស៊េរីទំនើប ម៉ាក Jeep Rubicon ពណ៌ប្រផេះ ពាក់ស្លាកលេខ កម្ពុជា H.TH8989 ដឹកប្រពន្ធ នៅក្នុងល្បឿនលឿន តាមបណ្ដោយមហាវិថីព្រះនរោត្តម នៅក្នុងទិសដៅពីត្បូងទៅជើង កាត់ភ្លៀងកំពុងតែធ្លាក់។ លុះពេលរថយន្ដបានបើកមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកក្បាលថ្មពុះចែកផ្លូវ បាក់អស់ចំនួន២កង់ ហើយរថយន្ដបានឡើងគងពីលើរបាំងថ្មនោះ ទើបទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្ដាលឲ្យអ្នកបើកបរ រងរបួសបែកក្បាល និង រថយន្ដបង្ក រងការខូចខាត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន បានចុះពិនិត្យ និង ស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដំណោះស្រាយ នាពេលតាមក្រោយ។ ដោយឡែក អ្នកបើកបររថយន្ដបង្ក ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ៕

ពត័មានពេញនិយម