ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់ ត្រូវបានគេអះអាងថា ជាមន្រ្ដីប៉ូលិសទើបនឹងឡើងថ្មី បានបើករថយន្ដយ៉ាងលឿន ជ្រុលចង្កូតទៅបុករះយានយន្ដជាច្រើនគ្រឿង កាលពីល្ងាច ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមផ្លូវសួនមាត់ទន្លេ នៃបុរីរដ្ឋបាលខេត្តត្បូងឃ្មុំ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជាកូនរបស់លោកមេប៉ុស្តិ៍អន្លង់ជ្រៃ បានបើកបររថយន្ត ម៉ាកព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2BB-7093 បោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវមាត់ទន្លេ។ លុះពេលរថយន្ដបង្ក បានបើកមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុករះរទេះលក់ដូរ ម៉ូតូ និង រថយន្តជាច្រើនគ្រឿង បណ្ដាលឲ្យខូចខាត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង វាស់វែង រួចហើយ បានចាត់ការតាមនីតិវិធី៕