ខេត្តព្រះសីហនុ ៖ មនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួស នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូ បុកគ្នាយ៉ាងពេញទំហឹង ក្នុងទិសដៅបញ្ច្រាសគ្នា ។
ហេតុការណ៍ខាងលើនេះបានកើតមានឡើងនៅថ្ងៃទី១៩. កញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១០និង១០នាទីព្រឹក លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៥-២១៦ ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង បង្កដោយម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM (សេរី២០១៧) ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1R-3615 ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ បើកបរដោយឈ្មោះ ឃាន ឃី ភេទប្រុស អាយុប្រហែល២៥ឆ្នាំ និងអ្នករួមដំណើរ០១នាក់ទៀតឈ្មោះ ហ៊ាម ពន្លក ភេទប្រុស អាយុ២៩ឆ្នាំ អ្នកទាំង០២ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លុះមកដល់ចំណុចខាងលើ ស្ថានភាពផ្លូវឡើងចុះចំណោត និងផ្លូវកោង បានឡើងវ៉ាជែង ខណៈពេលនោះមានម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM (សេរីឆ្នាំ២០២៤) ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KK-1195 ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយមិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស
និងអ្នករួមដំណើរចំនួន០១នាក់ទៀតឈ្មោះ រ៉ន រ៉ុម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ អ្នកទាំង០២ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបុកចំពីខាងមុខពេញទំហឹងតែម្ដង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលអោយមានមនុស្សស្លាប់ចំនួន ០៣នាក់ និងរងរបួសចំនួន០១នាក់ រួមមាន
១-ឈ្មោះ ឃាន ឃី អ្នកបើកបរម៉ូតូ DREAM(សេរីឆ្នាំ២០១៧) (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។
២-ឈ្មោះ ហ៊ាម ពន្លក អ្នករួមដំណើរម៉ូតូDREAM (សេរីឆ្នាំ២០១៧) (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។
៣-អ្នកបើកបរបើកបរម៉ូតូ DREAM(សេរីឆ្នាំ២០២៤)មិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។
៤-ឈ្មោះ រ៉ន រ៉ុម អ្នករួមដំណើរម៉ូតូDREAM (សេរីឆ្នាំ២០២៤) រងរបួសធ្ងន់ (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ) ។
បច្ចុប្បន្ន សាកសពបានយកទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីស្រាវជ្រាវស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង(ម៉ូតូ) បានយកមករក្សារទុកបណ្ដោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ដើម្បីបន្ដនីតិវិធី ៕