សង្សារប្រុសម៉ៅ ប្រឈមនឹងការជាប់ពន្ធធនាគារ ២ ទៅ ៥ឆ្នាំ

16-កញ្ជា-2024 - ម៉ោង 03:36:PM

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៤ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សាយ ស​ម្ភ​ស្ស​សេរី បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ស្ត្រី​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ពាក់​ពន្ធ​ករណី​សង្សារ​ប៉ះ​សង្សារ ដណ្តើម​បេះដូង​ប្រុស​ម៉ៅ ផ្ទុះ​ហិង្សា​ដូច​ភ្នំភ្លើង ។

យោងតាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា ឈ្មោះ លឹ​ម សុខ​លាប ភេទ​ស្រី អាយុ ២៤ ឆ្នាំ ជា​ជនជាតិ​ខ្មែរ ទីកន្លែង​កំណើត​ឃុំ​កំពង់​សិលា ស្រុក​កំ​ពង់​សិលា ខេត្តកោះកុង អាសយដ្ឋាន​មុន​ពេល​ឃាត់ខ្លួន​ស្នាក់​នៅ​ខុន​ដូរ​ស្តារ​បេ​ជាន់​ទី​២៥ បន្ទប់​លេខ​២១៩ ភូមិ​អូរ​២ សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ មុខរបរ បុគ្គលិក​ការ​ស៊ី​ណូ ។

ជនសង្ស័យ​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​.​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ចំណុច​ខុន​ដូរ Parkland ជាន់​ទី​៨ បន្ទប់​លេខ​C១១ ផ្លូវ​លេខ​១៩២៨ ភូមិ​កោះអណ្តែត សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៤ តាម​បញ្ញត្តិ​មាត្រា ២១៨ នៃ​ក្រមព្រហ្មទណ្ឌ ។ មាត្រា ២១៨ នៃ​ក្រមព្រហ្មទណ្ឌ បាន​ចែង​យ៉ាង​ច្បាស់​ថា អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ត្រូវ​
ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤ លាន ទៅ​១០ លាន​រៀល ។​ ដីកា​បង្គាប់​ឲ្យ​ សមត្ត​កិច្ច​នៃ​កង កម្លាំង​សាធារណៈ ធ្វើការ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ដែល​មាន ឈ្មោះ លឹ​ម សុខ​លាប ទៅ​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២”​ម​២ “​ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ ។
គួររំលឹកថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៤ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ បាន​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ លី​ម សុខ​លាប ភេទ​ស្រី នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៦B ផ្លូវ​៩៩ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ពាក់ព័ន្ធ​នឹង​ហិង្សា​ដោយ​ចេតនា ។ បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ចំណុច​ខុន​ដូ Parkland ផ្លូវ​១៩២៨ ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៤ ។ បើ​គិត​ពី​ថ្ងៃ​ដែល​នារី​រូប​នេះ​ធ្វើ​សកម្មភាព​ល្មើស គឺ​១​ខែ​គត់​គិត​ត្រឹម​ពេល​បែកធ្លាយ​នេះ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​សាកសួរ​ស្ត្រី​រូប​នេះ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ទាក់ទិន​ករណី​ហិង្សា​ខាងលើ​នេះ ត្រូវ​បាន​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​បឋម​ថា ស្ត្រី​ឈ្មោះ លឹ​ម សុខ​លាប អាយុ​៣០​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ​«​ជី​ង​ប៉ី​៣» នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ តាម​ប្រភព​ថា ស្ត្រី​រូប​នេះ​បាន​ស្គាល់ និង​មានការ​ទំនាក់ទំនង​ស្នេហា ឬ​សង្សារ​គ្នា​ជាមួយ​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ឈ្មោះ ឆា​លី (Chali) អាយុ​ប្រហែល​៣៥ ឆ្នាំ ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា ស្នាក់​នៅ​ខុន​ដូ​Parkland ជាន់​ទី​៨ បន្ទាប់​លេខ​C១១ ផ្លូវ​លេខ​១៩២៨ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ អស់​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ ។
ប្រភព​ដដែល​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១០​ព្រឹក នាង​បាន​ធ្វើ​ដំណើរ​ចេញពី​ក្រុងព្រះសីហនុ​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​បើក​ថ្នាំ​ព្យាបាល​ជំងឺ និង​មក​ជួប​មុខ​សង្សារ​បណ្ដូលចិត្ត​ ។ ពេល​មក​ដល់​ភ្នំពេញ​ម៉ោង​ប្រមាណ​១២​កន្លះ​យប់ ឈាន​ចូល​ថ្ងៃ​ទី​៩ ខែសីហា ដោយ​យប់​ជ្រៅ​ពេក នាង​បាន​ទៅ​ស្នាក់​នៅផ្ទះ​ប្អូន ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។
លុះដល់​ម៉ោង​១០​ព្រឹក នាង​និង​ប្អូនស្រី​ម្នាក់ អាយុ​ប្រហែល​២១​ឆ្នាំ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​កង់​បី​ចេញ​ទៅ​ជួប​សង្សារ​ជនជាតិ​ស្បែក​ខ្មៅ នី​ហ្សេ​រី​យ៉ា ដែល​កំពុង​ស្នាក់​នៅ​ខុន​ដូ​Parkland ជាន់​ទី​៨ បន្ទប់​លេខ​C១១ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ​នោះ ដោយ​មិន​បាន​ប្រាប់​ឱ្យ​ដឹង​មុន​នោះ​ទេ ។ ពេល​ទៅ​ដល់​នាង​និង​ប្អូនស្រី បាន​ឡើង​ទៅ​កាន់​ប​ន្ធ​ប់​សង្សារ និង​បាន​គោះ​ទ្វារ ប៉ុន្តែ​មិន​មាន​អ្នក​ណា​បើកទ្វារ​ឲ្យ​ចូល​ទេ ។ ដោយសារ​ឈរ​រង់ចាំ​យូរ​ពេក ទើប​កើត​មានការ​ខឹងសម្បា ក៏​ធាក់​ទ្វារ​បន្ទប់​ខ្លាំង​ៗ ប្រហែលជា​កន្លះ​ម៉ោង​ក្រោយមក ទើប​ស្រី​ម្នាក់​បើក​គន្លឹះទ្វារ​បន្ទប់​ឲ្យ​ចូល ។


ពេល​ទ្វារ​បន្ទប់​របើក ខណៈ​បានឃើញ​ស្ត្រី​អ្នក​បើកទ្វារ​នៅ​ក្នុង​បន្ទប់​សង្សារ​បណ្តូលចិត្ត​របស់​ខ្លួន ភ្លើងកំហឹង​១០០​អង្សា ក៏​ផ្ទុះ​រឿង​ប្រៀប​ដូច​រថភ្លើង​បុក​គ្នា​លើ​ផ្លូវដែក ឬ​ដូច​ភ្នំភ្លើង​ផ្ទុះ​នៅ​ប្រទេស​ជប៉ុន ។ ដោយ​នាង​ស្ទុះ​ទៅ​បោច​សក់​ស្ត្រី​នោះ និង​រុញ​ឲ្យ​ទៅ​អង្គុយ​លើ​សា​ឡុ​ង ហើយ​ក៏​យក​កាំបិត​ចិតបន្លែ​មក​កាន់​នឹង​ដៃ គំរាម​រក​ចាក់​ទៅ​លើ​ស្ត្រី​រូប​នោះ ។ 
ពេល​នោះ​បុរស​ស្បែក​ខ្មៅ​ឈ្មោះ ឆា​លី ជា​សង្សារ ក៏​បាន​ចាប់​យក​កាំបិត​ចេញ ហើយ​នាង​ក៏​ស្រវា​យក​បាន​កន្ត្រៃ​ដែក​ដែល​នៅ​ក្នុង​ថតតុ​ចង្ក្រាន​បាយ​មួយទៀត មក​កាន់​ភ្ជង់​គំរាម​ចាក់​ទៅ​លើ​នារី​រូប​នោះ​ទៀត តែ​ត្រូវ​បាន​នាង​រើបម្រះ​បណ្ដាល​ឱ្យ​ជ្រុះ​កន្ត្រៃ​ពី​ដៃ ។ ឃើញ​ដូច្នោះ នាង​ជា​សង្សារ​បាន​ស្ទុះ​ទៅ​យក​កាំបិត​បុ័ងតោ​ហើយ​ស្រែក​សម្លុត និង​ចាប់​បោច​សក់​អូស​ចូល​ទៅ​ក្នុង​បន្ទប់ដេក​របស់​សង្សារ និង​លើក​កាំបិត​បុ័ងតោ​គំរាម​កាប់សម្លាប់ ដោយសារ​ខឹង​នឹង​នារី​រូប​នោះ​ដែល​ហ៊ាន​លូក​ថ្លើម​ដេក​ជាមួយ​សង្សារ​ខ្មៅ​របស់​ខ្លួន ។
មិនតែប៉ុណ្ណោះ នាង​បាន​សម្លុត និង​គំរាម​បង្ខំ​ឲ្យ​ទារប្រាក់​សេវា​ថ្លៃ​ដេក​ជាមួយ​លោក​ខ្មៅ​សង្សារ និង​ឈប់​ឲ្យ​ទាក់ទង ប៉ុន្តែ​នារី​រូប​នោះ​មិន​ព្រម​ទារប្រាក់​ពី​បុរស​ស្នេហ៍​ស្បែក​ខ្មៅ​នោះ​ទេ “​ពោល​គឺ​នាង​ក៏​ចាត់​ទុក​ជនជាតិ​ស្បែក​ខ្មៅ​ជា​សង្សារ​ដែរ​” នាង​មិនមែន​ជា​ស្រី​បម្រើ​ផ្លូវភេទ​ទេ មាន​ន័យ​ថា ស្ត្រី​ទាំង​២​នាក់​ជា​សង្សារ​ជន​ស្បែក​ខ្មៅ​ដូច​គ្នា ។ ដូច្នេះ​ហិង្សា​ដែល​កើតឡើង​នេះ ប្រាកដ​ណាស់​គឺ​សង្សារ​ប៉ះ​សង្សារ ជាន់​លេខ​រៀង​គ្នា ប្រៀប​ដូច​ភ្នំ​មួយ​មិន​អាច​មាន​ខ្លា​ពីរ ។ តែ​ទោះជា​យ៉ាងណា​ក្តី​ស្ត្រី​ឈ្មោះ លឹ​ម សុខ​លាប ដែល​ប្រើ​ហិង្សា ត្រូវ​បាន​សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ ។

សូម​បញ្ជាក់​ដែរ​ថា សកម្មភាព​ប្រទូស្ត​រ៉ា​យ​ដោយ​កំហឹង​រវាង​ស្ត្រី​ស្នេហ៍​ប្រុស​ម៉ៅ​នេះ គឺ​បាន​ថត​បង្ហោះ​ពី​ប្អូនស្រី​របស់​ជនសង្ស័យ​ឈ្មោះ លឹ​ម សុខ​លាប គឺ​បង្ហោះ​តាម​Tik Tok កាលពី​ថ្ងៃ​៨ សីហា ទើប​មានការ​ភ្ញាក់ផ្អើល​ពី​ជម្លោះ​ស្នេហ៍​ត្រីកោណ​នេះ ៕

 

ពត័មានពេញនិយម