ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើងមួយក្រុម មានគ្នាជាច្រើននាក់ ប្រដាប់ដោយកាំបិតបុ័ងតោ ជិះម៉ូតូ និង ដើរប្រសេចប្រសាច ចូលធ្វើសកម្មភាពលួចទ្រព្យសម្បត្ដិរបស់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង២ និង១៦នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមឃ្លីបវីដេអូមួយ ត្រូវបានគេបង្ហោះ និង ចែកចាយតៗគ្នា នៅតាមបណ្ដាញសង្គម ឃើញសកម្មភាពរបស់ក្រុមក្មេងទំនើងទាំងនោះពិតជាគួរភ័យខ្លាចជាទីបំផុត។ ក្រុមក្មេងពាលបាតសង្គមនេះ បានដើរប្រសេចប្រសាច ប្រដាប់ដោយកាំបិតបុ័ងតោ ដើរធ្វើសកម្មភាព បើកកកាយ ស្វែងរករបស់របរ ដែលពួកគេអាចលួចបាន។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត សង្ឃឹម ថា អាជ្ញាធរមានសមត្ថកិច្ច នឹងមិនបណ្ដែតបណ្ដោយឲ្យក្រុមបាតសង្គមទាំងនេះ បន្ដធ្វើសកម្មភាពបែបនេះបន្ដទៀតនោះឡើយ៕