ឃាត់ខ្លួនជនជាតិចិន៣នាក់ ពីបទកាន់កាប់អាវុធខុសច្បាប់ និងគំរាមចិន

ម្សិលមិញ ម៉ោង 03:03:PM


រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជ​ាមួយ​នគរបាល​ប៉ុស្តិ៍​អូរ​បែក​ក្អម បានធ្វើការឃាត់ខ្លួនជនជាតិ​ចិន ចំនួន​០៣​នាក់ ​ពាក់ព័ន្ធ​នឹង​កាន់កាប់​អាវុធ ដោយ​ខុសច្បាប់ (​រក្សា​ទុក​អាវុធ​ខ្លី​០១​ដើម​) និង​អំពើ​ជួញដូរ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ។

ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ចំណុច​ខុន​ដូ ស្តារ​ស៊ី​ធី បន្ទប់​លេខ​១១២៥ ជាន់​ទី​១១ អគារ​ទី​៧ តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បន្ទាប់​ពី​ជនសង្ស័យ ប្រើប្រាស់​អាវុធ​ខ្លី គំរាម​ជនជាតិ​ចិន​ដូច​គ្នា ។ ជនសង្ស័យ ដែល​ត្រូវ ឃាត់ខ្លួន រួម​មាន ៖
១. ឈ្មោះ ស៊ី មីង​យ៉ុ​ង (SHI MING YUNG) ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ អន​ឡាញ (​ឃាត់ខ្លួន មាន​សារធាតុ​ញៀន​) ២. ឈ្មោះ វ៉ាង ជុន (WANG JUN) ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ អន​ឡាញ (​ឃាត់ខ្លួន មាន​សារធាតុ​ញៀន​)
និង​៣. ឈ្មោះ វ័ន ជឺ​ឡែ​ង (WAN CHI LIANG) ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ អន​ឡាញ ។ អ្នក​ទាំង​៣​នាក់ ស្នាក់​នៅ​បន្ទប់​លេខ​១១២៥ ជាន់​ទី​១១ អគារ​ទី​៧ ក្នុង​ខុន​ដូរ​ស្តារ​ស៊ី​ធី ផ្លូវ​សហព័ន្ធ​រុ​ស្សី ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

បើ​តាម​មន្ត្រី​នគរបាល​ខណ្ឌ​សែន​សុខ បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១៥​និង​រសៀល សមត្ថកិច្ច​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​អូរ​បែក​ក្អម បាន​ទទួល​ព័ត៌មាន​ពី​ខាង​ខុន​ដូ ស្តារ​ស៊ី​ធី ថា មាន​ជនសង្ស័យ​០១​នាក់ ជា​ជនជាតិ​ចិន ស្នាក់​នៅ​បន្ទប់​លេខ​១១២៥ ជាន់​ទី​១១ បាន​ធ្វើ​សកម្មភាព​ប្រើ​អាវុធ​ខ្លី គំរាម​ជនជាតិ​ចិន​ដូច​គ្នា នៅ​ក្នុង​ផ្សារ​ម៉ាត ជាន់​ផ្ទាល់​ដី បរិវេណ​ខុន​ដូ ស្តារ​ស៊ី​ធី បន្ទាប់​មក សមត្ថកិច្ច​ប៉ុស្តិ៍​អូរ​បែក​ក្អម សហការ​ជាមួយ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ចុះ​ទៅ​សហការ​ជាមួយ​ខាង​ខុន​ដូ ស្តារ​ស៊ី​ធី ធ្វើការ ត្រួតពិនិត្យ​ឆែកឆេរ នៅ​ក្នុង​បន្ទប់​លេខ​១១២៥ រក​ឃើញ អាវុធ​ខ្លី​០១​ដើម ម៉ា​កឡុក បង់​ចំនួន​០១ គ្រាប់​ចំនួន​០៤​គ្រាប់ ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​០១​កញ្ចប់​ថង់​ធំ​ល្មម ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន ចំនួន​០១, លិខិតឆ្លងដែន ចំនួន​០១​ក្បាល កាត​ចំនួន ០៥​សន្លឹក​(​របស់​ជនសង្ស័យ​) និង​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ ជា​ជនជាតិ​ចិន​ខាងលើ ចំនួន​៣​នាក់ ។

ជនសង្ស័យ ឈ្មោះ វ័ន ជឺ​ឡែ​ង (WAN CHI LIANG) បាន​សារភាព​អោយ​ដឹង​ថា នៅ​ក្នុង​ខែកក្កដា ឆ្នាំ​២០២៤ ជនសង្ស័យ​ឈ្មោះ ស៊ី មីង​យ៉ុង បាន​ទិញ​អាវុធ​ខ្លី ម៉ា​កឡុក​(​ខាងលើ​) ពី​ជនសង្ស័យ​ឈ្មោះ ហៅ ប៉ា​ជេ ភេទ​ប្រុស អាយុ​ប្រហែល ២៨​ឆ្នាំ ជនជាតិ​ខ្មែរ ក្នុង​តម្លៃ​១,៦០០​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​ក្រុង​កំពង់សោម យក​មក​ទុក​ប្រើប្រាស់​ការពារ​ខ្លួន បន្ទាប់​មក នៅ​ខែសីហា ឆ្នាំ​២០២៤ ជនសង្ស័យ​ឈ្មោះ ស៊ី មីង​យ៉ុ​ង បាន​ទៅ យក​ថ្នាំ​ញៀន​មួយ​កញ្ចប់​ថង់​ធំ​ល្មម និង​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន ចំនួន ០១​គ្រឿង ពី​ជនសង្ស័យ​ឈ្មោះ ហៅ ស៊ែ​វ័​លី ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ ជនជាតិ​ចិន (​ដែល​ជំពាក់​ប្រាក់​របស់​ជនសង្ស័យ ឈ្មោះ ស៊ី មីង​យ៉ុ​ង ចំនួន​៧០០​ដុល្លា​) នៅ​ក្នុង​បុរី​មួយ​កន្លែង ក្បែរ​ខុន​ដូ​ស្តារ​ស៊ី​ធី យក​មក​ទុក​ប្រើប្រាស់​នៅ​ក្នុង​បន្ទប់​ខុន​ដូរ​ស្នាក់​នៅ ។

ជនសង្ស័យ ឈ្មោះ វ័ន ជឺ​ឡែ​ង សារភាព​ទៀត​ថា ក្រោយមក​ទៀត នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤ ជនសង្ស័យ​ឈ្មោះ ស៊ី មីង​យ៉ុ​ង បាន​ចេញពី​បន្ទប់ ចុះ​មក​ទិញ​ថ្នាំដុសធ្មេញ នៅ​ម៉ាត​បរិវេណ​ខុន​ដូ ស្តារ​ស៊ី​ធី ជាន់​ផ្ទាល់​ដី ពេល​ចូល​ដល់​ក្នុង​ម៉ាត ក៏​មាន​មនុស្ស​ប្រុស​០៣​នាក់ ជា​ជនជាតិ​ចិន បាន​មើល​មុខ​ឌឺដង ជនសង្ស័យ​ឈ្មោះ ស៊ី មីង​យ៉ុ​ង មានចិត្ត​ខឹង ក៏​ឡើង​ទៅ​បន្ទប់​ខុន​ដូរ យក​អាវុធ​ខ្លី​ម៉ា​កឡុក ចេញពី​ថតតុ មក​សៀត​នៅ​ចង្កេះ​ខោ​ខាងស្តាំ ចុះ​មក​សួរនាំ​ជនជាតិ​ចិន​ទាំង​៣​នាក់​នោះ និង​ដក​កាំភ្លើង​ដាក់​លើ​ភ្លៅ​គំរាម រួច​ក៍​សៀត​អាវុធ​ខ្លី នៅ​ចង្កេះ ឡើង​ទៅ​បន្ទប់​ខុន​ដូរ​វិញ ។
លុះ​ក្រោយមក ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ឡោម​ព័ទ្ធ ឆែកឆេរ​រក​ឃើញ​ឃាត់ខ្លួន​តែ​ម្តង​។ ជនសង្ស័យ ត្រូវ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​សាកសួរ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

ពត័មានពេញនិយម