រាជធានីភ្នំពេញ៖ រថយន្ដដឹកប្រេងមួយគ្រឿង បានបើកកៀរដៃចង្កូតម៉ូតូមួយគ្រឿងដួល ខ្ទាតអ្នកបើកចូលក្រោមកង់រថយន្ដ កិនស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឲ្យអ្នកឃើញហេតុការណ៍នេះរន្ធត់ចិត្តយ៉ាងខ្លាំង កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទល់មុខវត្តស្ទឹងមានជ័យ តាមផ្លូវលេខ២១៧ ស្ថិតភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ មានយុវជនម្នាក់ បានជិះម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1G -4749 តាមបណ្ដោយផ្លូវលេខ២១៧ នៅក្នុងទិសដៅពីលិចទៅកើត ដោយមានទឹកដឹកសាច់ជ្រូក ស្របទិសគ្នាជាមួយនឹងរថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿង ម៉ាក CHENGLONG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G -1017។ លុះពេលរថយន្ដដឹកប្រេង បានបើកមកដល់ចំណុចកើតហេតុ ក៏ប៉ះដៃចង្កូតរបស់ម៉ូតូ ដួលបោកទៅលើថ្នល់ បណ្ដាលឲ្យអ្នកបើកខ្ទាតចូល ក្រោមកង់រថយន្ដ កិនបែកក្បាលស្លាប់យ៉ាងអាណោចអាធ័មមួយរំពេច។ ឃើញហេតុការណ៍ដ៏រន្ធត់បែបនេះ បុរសជាអ្នកបើករថយន្ដបង្ក បានបន្ថែមល្បឿន បើកគេចខ្លួន រហូតជិតដល់វិទ្យាល័យសម្ដេច ជា ស៊ីម សាមគ្គី ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ទើបសមត្ថកិច្ចឃាត់ខ្លួនបាន ហើយប្រគល់ឲ្យមន្រ្ដីនគរបាលចរាចរណ៍។
សមត្ថកិច្ចបានឱ្យដឹង ថា ជនរងគ្រោះ ឈ្មោះ ចក់ ឆែម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរដឹកសាច់ជ្រូក ស្នាក់នៅបន្ទប់ជួល នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ និង មានស្រុកកំណើតនៅភូមិចំការមន ស្រុកឈូក ខេត្តកំពត ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានវាស់វែង ហើយបញ្ជូនអ្នកបើកបររថយន្ដបង្ក និង យានយន្ដពាក់ព័ន្ធទាំងអស់ទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពរបស់ជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារ ដើម្បីដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕