ព្រោះតែជីវភាព ធ្វើអោយនារីម្នាក់ត្រូវរន្ទះប្រល័យស្លាប់នៅកណ្តាលវាលស្រែ

17-កញ្ជា-2024 - ម៉ោង 01:46:PM

 

ខេត្តសៀមរាប ៖ ឧបទ្ទវហេតុ​គ្រោះថ្នាក់​ធម្មជាតិ​មួយ ដោយ​ករណី​រន្ទះបាញ់​ប្រល័យ​ជីវិត​មនុស្ស​នៅ​កណ្តាល​វាលស្រែ​បាន​កើតឡើង កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែ កញ្ញា ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​ខាង​លិច​ចម្ងាយ​ពី​ភូមិ​ដូន​កែវ​ ​ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប ប្រមាណ​ ៣៥០ ម៉ែត្រ បណ្តាល​ឲ្យ​កសិករ​ម្នាក់​ស្លាប់ ក្នុង​ចំណោម ៤ នាក់ ដែល​ទៅ​ស៊ីឈ្នួល​ប្រមូល​ចំបើង ខណៈ​មេឃ​កំពង់​ភ្លៀងរលឹម​ស្រិច​ៗ ។ ជន​រង​គ្រោះ​មានឈ្មោះ ណុ​ល តុល ភេទ​ស្រី អាយុ​៣៤ ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ដូន​កែវ ឃុំ​ដូន​កែវ ស្រុក​ពួក​ ​ខេត្តសៀមរាប ។


ទាក់ទិន​ករណី​គ្រោះថ្នាក់​ធម្មជាតិ​ខាងលើ​នេះ ត្រូវ​បាន​សាក្សី​៣ នាក់ ដែល​ស្ថិត​នៅ​ក្នុង​ហេតុ​ការ​ផ្ទាល់​បំភ្លឺ​ឲ្យ​ដឹង​ថា ពួក​គាត់​មាន គ្នា​៤ នាក់ ១.​ឈ្មោះ គី​ន សុ​គុណ ភេទ​ប្រុស អាយុ​១៨ ឆ្នាំ ២.​ឈ្មោះ ថន សត់ ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ ៣.​ឈ្មោះ ណុ​ក រ៉​ញ ភេទ​ស្រី អាយុ​៥៧ ឆ្នាំ នឹង​៤.​ឈ្មោះ ណុ​ល តុល ភេទ​ស្រី អាយុ​៣៤ ឆ្នាំ (​ជន​រង​គ្រោះ​) កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៤ ឈ្មោះ ព្រួ​ន ទី បាន​ជួល​ពួក​គាត់​ឱ្យទៅ​ប្រមូល​ចំបើង​ពី​ក្នុង​ទឹក នៅ​វាលស្រែ​ដែល​ម៉ាស៊ីន​ច្រូតស្រូវ​រួច ដោយ​ឱ្យ​តម្លៃ​មួយ​ថ្ងៃ ២០០០០​រៀល ក្នុង​១ នាក់ ។ 
សាក្សី​បន្ត​ថា ពេល​នោះ​ពួក​គាត់​ទាំង​៤ នាក់ ក៏​សម្រេចចិត្ត​ទៅ​ធ្វើ ពលកម្ម​ស៊ីឈ្នួល​ប្រមូល​ចំបើង ដើម្បី​បាន​ប្រាក់​ដោះស្រាយ​ជីវ​ភាព​ប្រចាំ​ថ្ងៃ ដូច្នោះ​ពួក​គាត់​បាន​រៀបចំ​យក​តង់​ប្លា​ស្ទិ​ច​ពណ៌​ស​ទៅ​ដាក់ចំបើង ដើម្បី​ងាយស្រួល​អូស​យក​ចេញពី​ក្នុង​ទឹក ទៅ​ហាល​លើគោក ។
លុះដល់​ថ្ងៃ​ទី​១៦  ខែកញ្ញា ឆ្នាំ ២០២៤ វេលា​ម៉ោង ប្រហែល​៤​រសៀល មេឃ​កំពុង​ភ្លៀងរលឹម​ស្រិច​ៗ ពួក​គាត់​ទាំង​៤ នាក់ បាន​និយាយ​គ្នា​ថា យើង​អូស​មួយ​តង់​ទៀត​នាំ​គ្នា​សម្រាក​សិន ព្រោះ​មេឃ​ភ្លៀងហើយ​ចាំ​ថ្ងៃស្អែក នឹង​បន្ត​ធ្វើ​ការងារ​ទៀត ។​ខណៈ​ពេល​ពួក​គាត់​កំពុង​អូស​តង់​បណ្តើរ និយាយ​គ្នា​លេង​បណ្តើរក៏​ស្រាប់តែ​ឮ​សំឡេង​ផាំង លាន់​ស្ទើ​បែក​ក្រដាស់ត្រជៀក ភ្លាម​នោះ​ពួក​គាត់​ក្រឡេក​ទៅ​ឃើញ​ឈ្មោះ ណុ​ក តុល ជា​ជន​រង​គ្រោះ ដួល​ផ្កាប់មុខ​ក្នុង​ទឹក ពួក​គាត់​នឹក​ស្មាន​តែ​ជន​រង​គ្រោះ​ភ្ញាក់​ក្រាប​ភ័យ​ខ្លាច​ផ្គរ​រន្ទះ លុះ​ប្រហែល​មួយ​នាទី​ក្រោយមក​ពួក​គាត់​ក៏​នាំ​គ្នា​ទៅ​ទាញ​ជន​រង​គ្រោះ​ឱ្យ​ងើប​ពី​ក្នុង​ទឹក ពេល​នោះ​ទើប​ដឹង​ថា ជន រង​គ្រោះ​បាន​បាត់បង់​ជីវិត​ដោយសារ​រន្ទះ​ប្រល័យ ។
ដោយ​គ្រោះ​ធម្មជាតិ​បាន​កើតឡើង​ដូច្នេះ ពួក​គាត់​បាន​យក​ដំណឹង​នេះ​ទៅ​ប្រាប់​ស្រុកភូមិ និង​បាន​រាយ​ការ​ណ៌ជូន​សមត្ត​កិច្ច​មូលដ្ឋាន ដើម្បី​បាន​ជ្រាប​ជា​ព័ត៌មាន ។ បន្ទាប់​មក​សមត្ត​កិច្ច​ក៏​បាន​បង្កើត​គណកម្មការ​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​បាន​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​យក​ទៅ​ធ្វើបុណ្យ​បូជា​តាម​ប្រពៃណី ៕

ពត័មានពេញនិយម