បុរសម្នាក់ ចេញពីផឹក បើករថយន្ដក្រឡាប់ផ្ងារជើងទ្រមេឃ

ម្សិលមិញ ម៉ោង 11:29:AM

រាជធានីភ្នំពេញ៖ បរុសម្នាក់បើករថយន្ដដឹកមិត្តភក្ដិ ចេញពីកន្លែងផឹកស៊ី បោះពួយយ៉ាងលឿន មកដល់ផ្លូវកោង ជ្រុលទៅបុកផ្ទះរបស់ប្រជាពលរដ្ឋ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងទ្រមេឃ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងមួយខ្សែ ជាប់នឹងរបងវត្តសំរោងអណ្ដែត ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក TACOMA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BT-3041 បើកបរយ៉ាងលឿនតាមបណ្ដោយផ្លូវបេតុង នៅក្នុងទិសដៅពីកើតទៅលិច។ លុះពេលរថយន្ដបានបើកមកដល់ចំណុចកើតហេតុ ដែលផ្លូវមានស្ថានភាពកោង គួបផ្សំនឹងអ្នកបើកបរស្រវឹងផង ទើបធ្វើឲ្យរថយន្ដជ្រុលចង្កូតឡើងបុកខឿនថ្ម នៅតាមចិញ្ចើមផ្លូវ បុកស្លាកសញ្ញាចរាចរណ៍ ហើយបន្ដបុកចូលក្នុងផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យរងការខូចខាត ខណៈរថយន្តបង្កបានក្រឡាប់ផ្ងារជើងងទ្រមេឃ ធ្វើឲ្យអ្នកបើកបរ និង អ្នករួមដំណើរជាមួយចំនួន២នាក់ បានលូនចេញពីក្នុងរថយន្ត ទាំងស្ថានភាពស្រវឹង។ បើទោះជាយ៉ាងណា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្សណាម្នាក់នោះឡើយ។

ក្រោយពេលកើតហេតុ ម្ចាស់ផ្ទះ បានឃាត់អ្នកបើកបររថយន្តបង្ក ហើយពួកគេបានដោះស្រាយគ្នា សងថ្លៃខូចខាតចំនួន៣០០ដុល្លារ ដើម្បីបញ្ចប់រឿងភ្លាមៗ។ ដោយឡែក រថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខ ចុះមកយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នាតាមក្រោយ៕

ពត័មានពេញនិយម