ឃាត់ខ្លួនជនជាតិថៃចំនួន៥នាក់ ​ ពាក់ព័ន្ធករណី គ្រឿងញៀនជាង៧៣គីឡូក្រាម

12-កញ្ជា-2024 - ម៉ោង 06:05:PM

(បន្ទាយមានជ័យ): ​ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ជាជនជាតិថៃ​ ដែលកំពុងរកស៉ីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្ម ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះលោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីស្នើសុំទៅព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្ត ដើម្បីបើកប្រតិបត្តិការបង្ក្រាប។ រហូតមកដល់វេលាម៉ោង១១និង៣០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខC62 ក្នុងបុរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងបានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជឣាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងដឹកនាំសម្របសម្រួលដោយលោក លុយ ទីហួរ ព្រះរាជឣាជ្ញារង ឣមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃបានចំនួន០៥នាក់។

លោកវរសេនីយ៍ត្រី បានបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យទាំង០៥នាក់ ក្រោយពីកម្លាំងជំនាញសួរនាំរួច បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាន ដឹកជញ្ជូន ជួញដូរ រក្សាទុក គ្រឿងញៀន និងកាន់កាប់ ឬដឹកជញ្ជូនឣាវុធដោយគ្មានការឣនុញ្ញាតពិតប្រាកដមែន។

បើតាមប្រសាសន៏លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ដោយផ្អែកលើចម្លើយសារភាព ជនសង្ស័យទាំង០៥នាក់ រួមនឹងវត្ថុងតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីចាត់ការតាមនីតិវិធី៕

ពត័មានពេញនិយម