ខេត្តបាត់ដំបង ៖ លោកចោរដៃស្អិត ប្រព្រឹត្តអំពើ ចោរកម្ម យ៉ាងសកម្មចំនួន០២នាក់ ត្រូវកម្លាំងនគរបាលស្រុកបាណន់ សហការជាមួយកម្លាំងនគរបាលស្រុកបវេល ប្រដេញតាមស្ទាក់ចាប់ខ្លួនក្រោយពីធ្វើសកម្មភាព ឆក់យកទូរស័ព្ទ ពីស្ត្រីម្នាក់ បានប្រហែលជាងកន្លះម៉ោងក្រោយ កាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី១៧ កញ្ញា ស្ថិតនៅចំណុចលើសំណង់អាងកំពីងពួយ ក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ។
យោងតាមរបាយការណ៍អធិការស្រុកបាណន់ លោក សំ វីរៈ បានឲ្យដឹងថា លោកចោរដៃស្អិតទាំង០២នាក់ នោះឈ្មោះ រស់ ភ័ស្ដ អាយុ៣៥ឆ្នាំ (អ្នកឌុប) និងឈ្មោះ ធឿន សុធា អាយុ២៨ឆ្នាំ (ជិះក្រោយជាអ្នកឆក់)ជនទាំង០២នាក់ ជាមុខសញ្ញាធ្លាប់ប្រព្រឹត្តអំពើ ចោរកម្ម យ៉ាងសកម្មបំផុត ស្ទើរគ្រប់ទីកន្លែង ។
លោកអធិការបានបន្តរទៀតថា ជនទាំង០២នាក់នេះ បានធ្វើសកម្មភាព ឆក់យកទូរស័ព្ទ ពីស្ត្រីម្នាក់ឈ្មោះ ហ៊ុន ភីម អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ខណៈពេលជនរងគ្រោះជិះម៉ូតូយកបាយទៅឲ្យប្ដី ដែលកំពុងភ្ជួរស្រែ ។
លោកបានបញ្ជាក់បន្ថែមថា ក្រោយពេលឆក់យកទូរស័ព្ទបានសម្រេច ជនដៃដល់ទាំង០២នាក់បានជិះម៉ូតូគេចខ្លួនឆ្ពោះទៅទិសខាងលិច ឆ្លងចូលទឹកដីស្រុកបវេល ហើយលោកក៏ទំនាក់ទំនងសុំឲ្យលោកអធិការស្រុកបវេលបញ្ចេញកម្លាំងជួយអន្តរាគមន៍ ខណៈកម្លាំងរបស់លោកកំពុងប្រដេញតាមពីក្រោយ រហូតស្ទាក់ជាប់នឹងឃាត់ខ្លួនជនដៃដល់ទាំង០២នាក់ក្នុងទឹកដីស្រុកបវេលតែម្ដង ។
ពាក់ព័ន្ធនឹងករណី «ឆក់យកទូរស័ព្ទ» នេះ បើតាមលោក សុខ សារិន អធិការស្រុកបវេល បានប្រាប់ថា ក្រោយពីទទួលបានពត៌មានពីសមត្ថកិច្ចស្រុកបាណន់ លោកបានបញ្ជាឲ្យកម្លាំងជំនាញចេញអន្តរាគមន៏ភ្លាមៗ ហើយបានប្រទះមុខសញ្ញាលោកចោរដៃស្អិតនេះ នៅម្ដុំទឹកដីឃុំឃ្លាំងមាស ។
លោកអធិការបានបន្ថែមថា ក្រោយឃើញមុខសញ្ញាដូច្នេះ កម្លាំងរបស់លោកបានជិះរថយន្តដេញតាមរហូតដល់ផ្លូវបំបែកស្ពានពង្រ ស្ថិតក្នុងភូមិទូលក្រសាំង ឃុំក្ដុលតាហែន ទើបស្ទាក់ជាប់និងឃាត់ខ្លួន នៅវេលាម៉ោងជាង៩ព្រឹកថ្ងៃដដែល និងបានប្រគល់ជូនកម្លាំងជំនាញអធិការស្រុកបាណន់ភ្លាមៗដែរ ដែលបានដេញតាមពីក្រោយជនសង្ស័យរហូតមក ។
ជុំវិញករណីនេះ ស្ត្រីរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា ខ្លួនបានជិះម៉ូតូយកបាយទៅឲ្យប្ដីកំពុងភ្ជួរស្រែ ហើយទុកទូរស័ព្ទនៅហោប៉ៅខោ លុះជិះតាមផ្លូវស្រាប់តែមានជនមិនស្គាល់មុខ០២នាក់ ជិះមកពីក្រោយ រួចឆក់យកទូរស័ព្ទខ្លួនទៅបាត់ ។
ស្រ្តីរងគ្រោះបានបន្តរនិយាយថា ពេលនោះ គាត់ចំណាំច្បាស់ម៉ូតូនោះគ្មានកញ្ចក់ទេ ហើយអ្នកឆក់ជិះក្រោយពាក់អាវដៃវែងពណ៌ខៀវទឹកប៊ិក និងមានបីមាន់មួយក្បាលផង ។
ក្រោយកើតហេតុខ្លួនបានរាយការណ៍ប្រាប់អ្នកស្គាល់ឲ្យជួយផ្ដល់ព័ត៌មានទៅសមត្ថកិច្ចអំពីហេតុការណ័ និងភិនភាគចោរឆក់ រហូតសម្ថកិច្ចស្ទាក់ចាប់បានតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ច លោកចោរដៃស្អិតទាំង០២នាក់ បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព«ឆក់យកទូរស័ព្ទ» ពីស្ត្រីរងគ្រោះខាងលើមែន ។ ជនដៃដល់បានសារភាពទៀតថា ក្រោយពេលឆក់ ពួកគេបានយកទូរស័ព្ទទៅផ្ទើនៅផ្ទះឪពុករបស់ឈ្មោះរស់ ភ័ស្ដ នៅម្ដុំភ្នំ១៥០ រួចជីះគេចខ្លួនទៅកាន់ទឹកដីស្រុកបវេល ក៏ត្រូវសមត្ថកិច្ចក្របួចជាប់តែម្ដង ។
លោក សំ វីរៈ អធិការស្រុកបាណន់បានប្រាប់ដែរថា ពេលឃាត់ខ្លួនបានភ្លាមៗ រកមិនឃើញវត្ថុតាង(ទូរស័ព្ទ) ដែលពួកគេបានឆក់យកទៅនោះទេ ។ ប៉ុន្តែក្រោយសួរនាំទើបពួកគេសារភាពថា «បានយកទូរស័ព្ទ»នោះទៅផ្ញើនៅផ្ទះឪពុកនៅក្បែរភ្នំ១៥០ ។
ក្រោយពីទទូលបានពត៌មានអំពីវត្ថុតាងនេះ លោកស្នងការក៏បានបញ្ជាឲ្យមន្ត្រីជំនាញរបស់លោកនាំខ្លួនជនសង្ស័យទាំង០២នាក់ ទៅយកទូរស័ព្ទ (វត្ថុតាង) នោះភ្លាមៗ នឹងបានដកហូតបានវត្ថុតាង (ទូរស័ព្ទជនរងគ្រោះ) ម៉ូតូម៉ាកហុងដាមួយគ្រឿងស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1U-5206 ដែលជាមធ្យោបាយដែលជនសង្ស័យជិះធ្វើសកម្មភាព «ឆក់» ។ ពេលនេះ មន្ត្រីជំនាញកំពុងសួរនាំ ចាត់ការតាមនីតិវិធីហើយ។