រាជធានីភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃ អង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្ដីណែនាំរបស់ខ្លួន ហាមឃាត់ដល់គ្រឹះស្ថានធនាគារ ហិរញ្ញវត្ថុ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ យកកម្រៃផ្សេងៗ ពីអតិថិជនរបស់ខ្លួន។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ នៅក្នុងសេចក្តីណែនាំបន្ថែម ស្តីពីការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់សេវាទូទាត់សងប្រាក់ នៅកម្ពុជា ថា៖ ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងគ្រឹះស្ថានផ្តល់សេវា ទូទាត់សងប្រាក់ទាំងអស់ (ដែលតទៅនេះ ហៅថា«គ្រឹះស្ថានៗ» ឱ្យបានជ្រាប ថា ចំពោះកាតព្វកិច្ច បើកគណនីប្រាក់បញ្ញើ និង ឬគណនីទូទាត់សងប្រាក់ជាប្រាក់រៀល ដែលប្រើប្រាស់ សម្រាប់ប្រតិបត្តិការទូទាត់សងប្រាក់ជូនអតិថិជន។ គ្រឹះស្ថានត្រូវអនុវត្តដូចខាងក្រោម៖
១.មិនតម្រូវឱ្យយកកម្រៃសេវា សម្រាប់ការបើក និង បិទគណនីជាប្រាក់រៀលខាងលើ។
២.មិនតម្រូវឱ្យយកកម្រៃសេវាគណនីប្រចាំឆ្នាំ សម្រាប់គណនីជាប្រាក់រៀលខាងលើ។
៣.ពន្យល់ និង ផ្សព្វផ្សាយ អំពីខ្លឹមសារសេចក្តីណែនាំនេះ ជូនសាធារណជន។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមគ្រឹះស្ថានទាំងអស់ជ្រាប និងសហការអនុវត្ដឱ្យមាន ប្រសិទ្ធភាពខ្ពស់ គិតចាប់ពីកាលបរិច្ឆេទ នៃសេចក្តីណែនាំនេះតទៅ៕