ផ្ដាច់ជីវិតនារីម្នាក់ទម្លាក់អូរ រត់គេចខ្លួនពីខេត្តឧត្ដរមានជ័យ មកជាប់ខ្នោះនៅកំពង់ធំ

17-កញ្ជា-2024 - ម៉ោង 06:23:PM

 

ខេត្តកំពង់ធំ៖ ជនសង័្សយម្នាក់ បានសម្លាប់នារីរងគ្រោះ ទម្លាក់ចូលទឹកអូរ ហើយបានប្លន់យកលុយ និង ម៉ូតូរបស់គាត់ ជិះគេចខ្លួន តាំងពីខេត្តឧត្ដរមានជ័យ រហូតមកដល់ខេត្តកំពង់ធំ ក៏ត្រូវបានសមត្ថកិច្ចសហការគ្នាតាមឃាត់ខ្លួនបាន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹង ថា កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៩ ខែកញ្ញា មានករណីប្រទះឃើញសពរបស់នារីម្នាក់ នៅចំណុចកូនអូរមួយ ស្ថិតក្នុងភូមិទួលក្រួស ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ បន្ទាប់មក សមត្ថកិច្ចជំនាញបានសហការគ្នាស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញា ជាករណីប្លន់សម្លាប់។ នៅក្នុងករណីនេះ គឺជនល្មើសបានប្លន់យកម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម ស៊េរី២០២២ ស្លាកលេខ បន្ទាយមានជ័យ 1E-3388, លុយប្រហែល១លានរៀល និង ទូរស័ព្ទOPPO ១គ្រឿង។ ជាលទ្ធផល សមត្ថកិច្ចបានដេញតាម រហូតឈានដល់ការឃាត់ខ្លួនជនសង័្សយ នៅលើទឹកដីខេត្តកំពង់ធំ។

ប្រភពដដែល បានបន្ដ ថា ជនសង័្សយ ឈ្មោះ សេង ឃាត អាយុ៤៦ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នមានទីលំនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ រីឯនារីរងគ្រោះ ឈ្មោះ អូន អាន អាយុ២៧ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចខេត្តកំពង់ធំ បានធ្វើកំណត់ហេតុប្រគល់ជនសង័្សយ ជូនទៅដល់អាវុធហត្ថខេត្តឧត្ដរមានជ័យ នាំទៅចាត់ការតាមច្បាប់៕

ពត័មានពេញនិយម